ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននៅក្នុងក្រុងស្ទឹងសែន ពលរដ្ឋតែងតែសង្កេតឃើញមានហ្វូងគោដើរបង្កភាពអនាធិបតេយ្យពាសពេញក្រុង ហើយតាមរយៈហ្វូងគោទាំងអស់នោះ គឺតែងតែដើរបេះបោចផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជាដើម ។
ដោយសារតែផលរំខានពីហ្វូងគោខាងលើនេះហើយ ទើបប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរក្រុងស្ទឹងសែន សូមមេត្តាជួយចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះម្ចាស់គោ ដែលតែងតែលែងហ្វូងគោឲ្យដើរបង្កភាពអនាធិបតេយ្យ ។ ហើយហ្វូងគោទាំងនោះតែងតែដើរបេះបោចផលដំណាំរបស់ពលរដ្ឋ និងដើរជាន់ទុយោទឹករបស់ពួកគាត់ បណ្តាលឲ្យបែកជាដើម ព្រមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវទីសាធារណៈទៀតផង ព្រោះដោយសារតែហ្វូងគោទាំងនោះគ្មានខ្សែចងនោះទេ ជាក់ស្តែងដូចរូបថតដែលត្រូវបានអ្នកសារព័ត៌មានបានថតនៅព្រឹក០៥ ខែកញ្ញា ឆ្នាំ២០២២នេះជាដើម។
បើតាមពលរដ្ឋបានឱ្យដឹងថា បើម្ចាស់គោនៅតែបន្តលែងគោទាំងហ្វូងៗឲ្យដើរបង្កផលប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់យ៉ាងដូច្នេះ ហើយអាជ្ញាធរនៅតែមិនមានវិធានការទៀតនោះ តើឲ្យពួកគាត់សង្ឃឹមអ្នកណា បើផលដំណាំរបស់ពួកគាត់ដែលខិតខំដាំបានផលបន្តិចបន្តួចនៅតាមរបងផ្ទះក្នុងក្រុងស្ទឹងសែន ឲ្យតែភ្លេចខ្លួនបន្តិច ឬក៏ភ្លេចបិទទ្វាររបង ស្របពេលហ្វូងគោទាំងនោះដើរទៅចំនោះ គឺវាចូលស៊ី និងជាន់ខ្ទេចខ្ទីអស់គ្មានសល់នោះទេ។ អាស្រ័យហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរក្រុង ជួយមានវិធានការចំពោះបញ្ហាខាងលើនេះ ឲ្យមានប្រសិទ្ធភាពបំផុត។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន មិនអាចសុំប្រសាសន៍ឆ្លើយបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។