ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ពីតំណែង ដោយសារមន្ត្រីរូបនេះបានដើរសន្យាលក់ក្របខណ្ឌនគរបាល។ ប៉ុន្តែសម្តេចក្រឡាហោមមិនបានបញ្ចេញឈ្មោះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវបានដកតំណែងនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ១៨ សីហា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ “មន្ដ្រីថ្នាក់អនុរដ្ឋលេខាធិការម្នាក់ ខ្ញុំស្នើទៅសម្ដេចតេជោដកចេញ ដោយសារដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនអ៊ីចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ”។
សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា៖ “មានអ្នកចង់ធ្វើប៉ូលិសច្រើនណាស់ រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលិស ហើយផ្ដល់ថវិកាឲ្យគេជាមុន ១ ម៉ឺនដុល្លារ ឬ ៣ ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលិស”។
សម្តេចក្រឡាហោម ស ខេង បានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីបានចូលធ្វើប៉ូលិស។ សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ទោះបីជាសម្ដេចជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិចុះហត្ថលេខាផ្ដល់ក្របខណ្ឌ ដោយគ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមានសិទ្ធិអនុញ្ញាតឱ្យចូលប្រឡង ប៉ុន្ដែប្រឡងជាប់ ឬមិនជាប់ គឺលើខ្លួនឯង សម្ដេចគ្មានសិទ្ធជួយឡើយ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះសម្ដេចក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។ សម្តេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕