ភ្នំពេញ ៖ កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូនមានចំនួនប្រមាណ ៤០០នាក់នោះ ពេលនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលអន្តរាគមន៍គិតគូរ គឺនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់កម្មករ-និយោជិតទាំងនោះ ឱ្យត្រៀមឯកសារពាក់ព័ន្ធមួយចំនួន និងសូមរង់ចាំការជូនដំណឹងឱ្យមកបើកប្រាក់ឈ្នួលនាពេលខាងមុខឆាប់ៗនេះពីក្រសួងការងារ។
ក្រុមហ៊ុនរោងចក្រនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, មូលហេតុដែលរោងចក្រមិនបើកប្រាក់ឈ្នួលជូនពួកកម្មករយ៉ាងដូច្នេះ គឺដោយសារក្រុមហ៊ុនក្ស័យធន ហើយថៅកែរត់ចោលទៅបាត់។ ប៉ុន្តែ ក្រោយមានអន្តរាគមន៍ពី សម្ដេចតេជោ សែន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចូលគិតគូរអំពីការបើកប្រាក់ខែនេះ។
ទាក់ទងនឹងឯកសារដែលកម្មករ-និយោជិត ត្រូវត្រៀមនោះ ÷ ទី១- ប័ណ្ណសម្គាល់ខ្លួនកម្មករ-និយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ-និយោជិត ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២- ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ-និយោជិតម្នាក់ៗ (បើមាន)។
បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានថៅកែរត់ចោលដោយមូលហេតុក្ស័យធន និងមិនមានការបើកប្រាក់ខែជូនកម្មករ-និយោជិត រហូតធ្វើឲ្យផ្ទុះការតវ៉ាផ្អើលឆោឡោន និងព័ត៌មាននេះបានលេចឮដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ សម្ដេចក៏បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយបញ្ហា និងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ៗគ្នា ដោយខ្ចីថវិកាពីរាជរដ្ឋាភិបាល
ដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករ-និយោជិតជាមុនសិន សឹមចាត់វិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ។
សូមបញ្ជាក់ថា យោងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករ-និយោជិត ចំនួន ៣ ចំណុច ដោយប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន ១- ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក, ២- ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ, ៣- ប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩៕