ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

រឿងរថភ្លើងទៀតហើយ រៀបតុលក់ដូរលើផ្លូវរថភ្លើងមហាជន​រិះគន់​ដូច​ទឹកបាក់​ទំនប់​ ហាក់មិនខ្វល់ពីអាយុជីវិតនិងមានមនុស្សកុះករអង្គុយហូបអីជុំគ្នាលើកំណាត់ផ្លូវដែក

រាជធានី​ភ្នំពេញ ៖ មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​រិះគន់​យ៉ាង​ចាស់ដៃ ជុំវិញ​ការ​រៀប​តុ​លក់ដូរ និង​មាន​មនុស្ស​ប្រុស​-​ស្រី មក​ទទួលទាន​អាហារ និង​ផឹកស៊ី​លើ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង ដែល​គេ​អះអាង​ថា នៅ​ខេត្តកំពង់ឆ្នាំង ។

ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​នេះ ដោយសារ​តែ​អ្នកលេង​បណ្តាញ​សង្គម​បាន​លើក​ឡើង​ថា ដូច​ខ្វះ​កន្លែង​លក់ដូរ និង​ទទួលទាន​អ៊ីចឹង បើសិន​រថភ្លើង​បើកបរ​មក​ដល់ តើ​នឹង​ទៅ​ជា​យ៉ាងណា ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ៗ​ចំនួន​បី​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម TikTok និង​ទទួល​បានការ​ចែករំលែក​យ៉ាង​ផុសផុល​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ប្រុស​-​ស្រី អង្គុយ​លើ​កៅ​អ៊ី មាន​តុ​ជ័រ​រៀបចំ នៅ​លើ​ផ្លូវ​រថភ្លើង​ជា​ជួរ​មាន​ច្រើន​តុ និង​ហាក់​រីករាយ​ទទួលទាន​អាហារ​ដោយ​មិន​ខ្វល់​អ្វី​នោះ​ទេ ។

វី​ដេ​អូ​ខ្លះ​ទៀត បង្ហាញ​ពី​យុវជន​ប្រុស​-​ស្រី ដែល​បាន​ថត​វី​ដេ​អូ​ស៊ែ​ល​ហ្វី និង​បង្ហោះ​ក្នុង​គណនី​TikTok ឈ្មោះ brochan484 កូន​អ្នក​ខេត្តកំពង់ឆ្នាំង បង្ហាញ​ពី​បងប្អូន​ស្រី​-​ប្រុស មាន​ចាស់​មាន​ក្មេង​ជួបជុំ​ហូប​អី ហាក់​មិន​ខ្វល់​ថា នឹង​មាន​ហានិភ័យ​អ្វី​កើតឡើង​នោះ​ទេ ។ ទិដ្ឋភាព​នៃ​ការ​លក់ដូរ​អង្គុយ​ហូប​អី​ជុំ​គ្នា​លើ​ផ្លូវ​រថភ្លើង​នេះ​ផង​ដែរ​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំងក្លា គឺ​ច្រើន​ជាង​ការ​សរសើរ ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ហួសចិត្ត​ថា ដូច​ខ្វះ​កន្លែង​លក់ដូរ និង​ទទួលទាន​បែរជា​មក​ហូប​ជុំ​គ្នា​លើ​ផ្លូវ​រថភ្លើង​បែប​នេះ ។

មហាជន​ខ្លះ​ទៀត​បាន​បញ្ចេញមតិ​ថា «​បើ​រថភ្លើង​មក រត់​មិន​ទាន់​ទេ​បងប្អូន​អើយ​» ព្រោះ​កន្លង​មក​មាន​គ្រោះថ្នាក់​ច្រើន​បាន​កើត​មាន​លើក​ផ្លូវដែក ព្រោះតែ​មាន​បងប្អូន​ខ្លះ​ផឹកស៊ី​លើ​ផ្លូវដែក ហើយ​រថភ្លើង​មក​ដល់ គឺ​រត់​ចេញ​មិន​ទាន់​ត្រូវ​រថភ្លើង​កិន បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខ្លះ​ក៏​ដាច់​ដៃជើង ជាដើម ព្រោះ​រថភ្លើង​អត់​មាន​ផ្លូវ​ណា​គេច​ទេ ។

ជាក់ស្តែង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏​បាន​លើក​ភ្ជាប់​ហេតុការណ៍​កន្លង​មក​នៅ​ខេត្ត​ព្រះ​សីហ​នុ​ថា «​នៅ​ខាង​កំពង់សោម​នេះ ពូ​ម្នាក់​អង្គុយ​ផឹក​នៅ​លើ​ថ្នល់​រថភ្លើង​ត្រូវ​បាន​រថភ្លើង​កិន​ស្លា​.​ប់​» ខ្លះ​ក៏​បញ្ចេញមតិ​សម្តែង​ការ​ហួសចិត្ត​ថា «​មើលរូប​ភាព​នេះ​ហើយ ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​កំរិត​ចំណេះដឹង​របស់​ពលរដ្ឋ​ដែល​ហាក់​មិន​ខ្វល់​ពី​អាយុជីវិត និង​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជួយ​ពិនិត្យ​មើល ព្រោះ​វា​ពិតជា​គ្រោះថ្នាក់​ណាស់ ដែល​រៀប​តុ​លក់ដូរ​លើ​ផ្លូវ​រថភ្លើង និង​មាន​មនុស្ស​កុះករ​មក​អង្គុយ​តាម​តុ​ហូប​អី​ជុំ​គ្នា​លើ​កំណាត់​ផ្លូវដែក​បែប​នេះ ។

បងប្អូន​ខ្លះ​ក៏​បាន​បញ្ចេញយោបល់​ថា ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​នេះ​រួច គឺ​គាត់ ទទួលស្គាល់​ថា ការ​យល់​ដឹង​របស់​ប្រជាជន​ខ្មែរ​យើង​ខ្លះ​នៅ​មាន​កម្រិត ទាំង​អ្នក​លក់ដូរ ទាំង​អ្នក​ញ៉ាំ​អាហារ​នៅ​ទីនោះ រួម​ទាំង​អាជ្ញាធរ​ផង​ដែរ​»​។

ខ្លះ​ទៀត​លើក​ឡើង​ថា បងប្អូន​យើង​ដែល​ទទួលទាន​អាហារ ដោយ​មាន​តុ​កៅអី អង្គុយ​ហូប​លើ​ផ្លូវ​រថភ្លើង​បែប​នេះ គឺ​ពិតជា​លេងសើច​នឹង​ជីវិត​ខ្លួនឯង​ពេក​ហើយ ដូច្នេះ​បើ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ពេល​រថភ្លើង​មក​ដល់ កុំ​បន្ទោស​រថភ្លើង​អី ។ ក្រៅពី​ការ​រិះគន់​រឿង​ហាក់​មើល​ស្រាល​អាយុជីវិត​ដែល​មក​ហូប​ចុក​លើ​ផ្លូវ​រថភ្លើង​នោះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏​បាន​បញ្ចេញ​ទស្សនៈ​រឿង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ផង​ដែរ ។

មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម TikTok ដែល​ជា​បណ្តាញ​សង្គម​យក្ស​កំពុង​ពេញ​និយម​លើ​ពិភពលោក និង​នៅ​កម្ពុជា​ផង​នោះ​បាន​ដាស់តឿន​ដល់​អ្នក​លក់ដូរ និង​បងប្អូន​ដែល​ទទួលទាន​នៅ​លើ​ផ្លូវ​រថភ្លើង​ថា គួរ​ចេះ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ផង ព្រោះ​ក្រៅពី​ប្រថុយប្រថាន​ទទួលទាន​លើ​ផ្លូវ​រថភ្លើង​ហើយ សំរាម​ក៏​មិន​ត្រូវ​ចោល​ផ្តេសផ្តាស់​បំពុលបរិស្ថាន​ដែរ​។ ចុះ​ប្រិ​យ​មិត្ត​ដែល​តាមដាន​វី​ដេ​អូ​នេះ យល់​យ៉ាងណា​ដែរ?

Picture
Picture
adm

Leave a Reply

Your email address will not be published. Required fields are marked *