(អន្តរជាតិ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាថានឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតCovid19ប្រសិនបើទីក្រុងព្យុងយ៉ាងទទួលយកការជួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
លោកYoonបានប្រាប់សភាជាតិកូរ៉េខាងត្បូងថា«យើងមិនត្រូវស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយចាំបាច់ដល់ប្រជាជនកូរ៉េខាងជើងដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃមេរោគCorona»នេះបើយោងតាមការផ្សាយរបស់ Yonhap ។
ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា«ប្រសិនបើអាជ្ញាធរកូរ៉េខាងជើងយល់ព្រមយើងនឹងផ្តល់ជំនួយចាំបាច់ដូចជាថ្នាំពេទ្យនរួមទាំងវ៉ាក់សាំង Covid-19 ឧបករណ៍វេជ្ជសាស្ត្រ និងធនធានមនុស្ស»។ លោកបាននិយាយថា«ខ្ញុំបាននិយាយម្តងហើយម្តងទៀតថាជំនួយមនុស្សធម៌នឹងតែងតែត្រៀមខ្លួនជាស្រេចដោយមិនគិតពីបញ្ហានយោបាយ និងយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង»។
ក្រោយរយៈពេលពីរឆ្នាំនៃការបិទព្រំដែនដើម្បីការពារការរីករាលដាល កូរ៉េខាងជើងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគ Covid-19 ដ៏ធំជាលើកដំបូងរបស់ខ្លួន។
នៅថ្ងៃទី១៦ ខែឧសភា មន្ត្រីក្រុងព្យុងយ៉ាងបាននិយាយថា មានករណីគ្រុនក្តៅជាង១,២០០,០០០ករណីនិងមានអ្នកស្លាប់ចំនួន៥០នាក់។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីថ្ងៃទី១៥ ខែឧសភាក៏បានទទួលស្គាល់ថាការផ្ទុះឡើងនេះកំពុងបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសក្នុងអំឡុងពេលកិច្ចប្រជុំរបស់ការិយាល័យនយោបាយកូរ៉េខាងជើង៕