ព័ត៌មាន

ប្រធានអាយប៉ា លើកទី៤៥ រៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ នៅរដ្ឋធានីវៀងចន្ទន៍ ………….

ក្រោយមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កាជាទីមោទនៈ នៅរាត្រីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ា (AIPA) លើកទី៤៥ បានរៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៥ នៅលើទឹកដីឡាវ ដែលជាសមាជិកមួយរបស់អាស៊ាន។

 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះ ជាមួយគ្រួសារអាយប៉ានិងគណៈប្រតិភូសភាប្រទេសសង្កេតការណ៍ គណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍របស់អាយប៉ា រួមនឹងភ្ញៀវកិត្តិយសរបស់ម្ចាស់ផ្ទះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងមិត្តភាព។

 

ឯកឧត្តម សាយសំផន ភុមវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនគណៈប្រតិភូទាំងអស់ដែលបាន ផ្តល់កិត្តិយសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ដោយបានចូលរួមបញេ្ចញមតិយោបល់ ចែករំលែកបទពិសោធន៍ ក្នុងការលើកកម្ពស់យន្តការសភា បង្កើនកច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូលធានានូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនដោយចីរភាព។

 

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការជួបជុំនាពេលនេះ សម្រេចបាននូវសេចក្តីសម្រេចចំនួន ៣៧ ទាក់ទងបញ្ហានយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងទិសដៅការងារផ្ទាល់របស់អាយប៉ា។ ប្រធានអាយប៉ា លើកទី៤៥ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន។

 

នៅក្នុងពិធីលៀងសាយភោជន៍នេះ គណៈប្រតិភូបណ្តាប្រទេសសមាជិកអាយប៉ានីមួយៗ រួមទាំងកម្ពុជាដែរ បានសម្តែងសិល្បៈចម្រៀងបង្ហាញពីវប្បធម៌ ប្រពៃណី របស់ខ្លួន និងបានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ ស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។ ក្នុងបរិយាកាសសប្បាយរីករាយ សមាជិកអាយប៉ា អ្នកចូលរួម បានកំណត់ថានឹងជួបគ្នាម្តងទៀតនៅឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦៕

————

adm

Leave a Reply

Your email address will not be published. Required fields are marked *