ព័ត៌មាន ព័ត៌មានសិល្បះនិងកីឡា

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជាយកឈ្នះឡាវ ៤-១ ឡើងឈរលេខ១ពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១

រាជធានីភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឡាវ៤១ដែលធ្វើឲ្យក្រុមកម្ពុជាឈរលេខ១បណ្តោះអាសន្នក្នុងការប្រកួតពូល B នៅកីឡដ្ឋានThienTruongទីក្រុងNamDinhប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៩ខែឧសភាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ដែលវៀតណាមជាម្ចាស់ផ្ទះ។

ក្រុម​យុវជនគោព្រៃកម្ពុជា​ U23 បាន​បង្ហាញទម្រង់លេង​ល្អ​ប្រសើរ​របស់​ខ្លួន​ក្នុងការប្រកួតជាមួយ U23 ​ឡាវ​ ដោយ​ស៊ុត​បញ្ចូល​ទី​បាន២​គ្រាប់​ក្នុងតង់ទី១។ គ្រាប់បាល់បើកឆាកដំបូងរកបានដោយខ្សែប្រយុទ្ធសៀងចាន់ធានិង១គ្រាប់ទៀតរកបានដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករឡាវ ក្រោយពីកីឡាករសាទី របស់កម្ពុជាស៊ុតចំគោលដៅឡងត្រូវជើងខ្សែការពារឡាវ។

ចូលដល់ការប្រកួតតង់ទី២ក្រុមកម្ពុជាមានឱកាសវាយសម្រុកទៅមុខទីក្រុមឡាវហើយកីឡាករកម្ពុជារកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ដោយកីឡាករ គី រីណា និងនៅនាទីទី៧១ ដោយកីឡាករ អ៊ឹម សំអួន ដែលទើបនឹងប្តូរចូល។ ចំណែកក្រុមឡាវក៏រកបានមួយគ្រាប់សងវិញដែរនៅនាទីទី៦៧។

ជ័យជម្នះនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំឡើងឈរលេខ១ក្នុងពូលBមាន៣ពិន្ទុនៅក្នុងដៃជាមួយក្រុមម៉ាឡេស៊ីដែលយកឈ្នះថៃ១ទល់០។ សម្រាប់ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិសិង្ហបុរីនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភាខណៈដែលក្រុមជម្រើសជាតិឡាវនឹងត្រូវប៉ះម៉ាឡេស៊ីនៅម៉ោង៧យប់ថ្ងៃដដែលនោះដែរ។

គួរបញ្ជាក់ថាការប្រកួតវគ្គជម្រុះក្នុងពូលBនេះកម្ពុជាត្រូវប៉ះថៃថ្ងៃទី១៤ឧសភានិងប៉ះម៉ាឡាស៊ីថ្ងៃទី១៦ឧសភាដើម្បីប្រជែងយកក្រុមដែលខ្លាំងលេខ១និងលេខ២ក្នុងពូលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEAGame)លើកទី៣១នៅឆ្នាំនេះក្នុងវិញ្ញាសាបាល់ទាត់គឺពូលA មានដូចជា ហ្វីលីពីន, ម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈដែលពូល B មាន ឡាវ, កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងថៃ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *