ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចាប់បានដោយឧបករណ៍មង និងលប នៅថ្ងៃនេះ នៅតែបានច្រើន គឺមិនទាន់ថមថយ នៅឡើយទេ ដោយសារមេឃស្រឡះល្អ ត្រីនៅបន្តចេញ ពីបឹងទន្លេសាប!

ភ្នំពេញៈ លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​ថាៈ ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក និង​ត្រីឆ្អើ ដែល​ប្រជាពលរដ្ឋ ចាប់បាន​ដោយ​ឧបករណ៍​មង និង​លប នៅថ្ងៃនេះ នៅតែ​បាន​ច្រើន គឺ​មិនទាន់​ថមថយ នៅឡើយ​ទេ ដោយសារ​មេឃ​ស្រឡះ​ល្អ ត្រី​នៅ​បន្ត​ចេញ ពី​បឹង​ទន្លេសាប​។ នៅ​កំពង់​ភ្លុក ត្រី​មួយ​គីឡូក្រាម មានតម្លៃ​តែ ៥០០ រៀល​ទេ ត្រី​ថោក ដោយសារ​អ្នកនេសាទ ចាប់បាន​ច្រើន និង​មិនមាន​អ្នកទិញ​។​

លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកណ្តាល បាន​ប្រាប់ នៅ​ថ្ងៃទី​១៥ ខែធ្នូ​ថាៈ ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក ចាប់បាន​នៅតាម​គន្លង​ដាយ ក្នុងភូមិ​សាស្ត្រ ខេត្តកណ្តាល ថ្ងៃនេះ ថយចុះ​ពាក់កណ្តាល បើ​ធៀប​ទៅនឹង​ថ្ងៃ​ម្សិលមិញ តែ​តម្លៃ​វិញ បាន​ឡើង​ខ្ពស់ គឺ​មួយ​គីឡូក្រាម ដល់ ២.៥០០ រៀល​។ កាលពី​ម្សិលមិញ មួយ​គីឡូក្រាម បាន​ថ្លៃ​តែ ១.០០០ រៀល​ប៉ុណ្ណោះ​។​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ការចាប់​ត្រី នៅតាម​គន្លង​ដាយ ធ្វើ​អាជីវកម្ម ក្នុង​រយៈពេល​ពី ៣០ ទៅ ៤០ នាទី​លើក​ម្តង បាន​ត្រី​ពី ៤០០ គីឡូក្រាម ទៅ​ជាង មួយ​តោន តែ​នៅថ្ងៃនេះ ផល​ចាប់បាន​ថយចុះ ៥០ ភាគរយ​។ ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​នេះ អាច​ចាប់បាន​ច្រើន​ម្តងទៀត នៅ​ខ្នើត​ក្រោយ​។​

លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ នៅ​ថ្ងៃទី​១៥ ខែធ្នូ​ថាៈ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ផល​ត្រី​ចាប់បាន មាន​ចំនួន​ពី ៣០០ ទៅ ៤០០ គីឡូក្រាម ក្នុង​រយៈពេល​ពី ២០ ទៅ ៣០ នាទី​នៅតាម​គន្លង​ដាយ នីមួយៗ តែ​នៅថ្ងៃនេះ លើក​ម្តង រយៈពេល​ដូចគ្នា បាន​ត្រី​តែ​ពី ១០០ ទៅ ១៥០ គីឡូក្រាម ប៉ុណ្ណោះ​។ តម្លៃ​ត្រី នៅលើ​ផែ​ដាយ មួយ​គីឡូក្រាម ២.៥០០ រៀល នៅលើ​ច្រាំង​ថ្លៃ ជាង​នេះ​។​លោក អ៊ុក ណា​រិ​ន្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តកំពង់ចាម បាន​ប្រាប់ នៅ​ថ្ងៃទី​១៥ ខែធ្នូ​ដែរ​ថាៈ ហ្វូង​ត្រី​ចេញពី​បឹង​ទន្លេសាប ឃើញ​មាន​មកដល់​ទន្លេ មេគង្គ ក្នុង​ខេត្តកំពង់ចាម​ហើយ ពីរ ថ្ងៃ​កន្លងទៅនេះ តែ​ផល​ចាប់​ដោយ​ឧបករណ៍​ម៉ាញ់ មិនទាន់ ឃើញ បាន​ច្រើន​នៅឡើយ​ទេ គឺ​លើក​ម្តង បានតែ​ពី ១០ ទៅ ២០ គីឡូក្រាម ធម្មតា​លើក ម្តង ខែ​ត្រី​សម្បូរ បាន​ពី ៥០ ទៅ ៦០ ពេលខ្លះ បាន​ដល់ ១០០ គីឡូក្រាម ។ ការនេសាទ ដោយ​ឧបករណ៍​ម៉ាញ់ ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ មិនសូវមាន​អ្នកធ្វើ​ទេ ដោយសារ​អ្នករក​ត្រី​ដោយ ឧបករណ៍​នេះ ត្រូវការ​មនុស​ច្រើន មានការ​ខាតបង់ រាល់​ឆ្នាំ រួចមក ។ តម្លៃ​ត្រី​រៀល ដែល​ចាប់បាន ដោយ​ឧបករណ៍​ម៉ាញ់ មួយ​គីឡូក្រាម ពី ៦.០០០ ទៅ ៧.០០០ រៀល​។ ត្រី​សម្រាប់ធ្វើ ប្រហុក​ផ្អក នៅ​ខេត្តកំពង់ចាម ត្រូវ​ក្រោយ​គេ​។​លោក អ៊ុក ណា​រិ​ន្ធ បាន​និយាយ​ឱ្យដឹងទៀតថាៈ ត្រី​ចេញពី​បឹង​ទន្លេសាប ចាប់បាន​មុនគេ គឺ​នៅ​ខេត្តកំពង់ឆ្នាំង បន្ទាប់មក ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដោយ​ឧបករណ៍ ដាយ​ត្រង​ត្រី ហូរ​តាម​កម្លាំង​ទឹក​ចេញ ពី​បឹង​ទន្លេសាប ។ ឯ​ត្រី​ដែល​ចាប់បាន នៅក្នុង​ខេត្ត កំពង់ចាម ដោយ​ឧបករណ៍ ម៉ាញ់​បណ្តែត ជា​ត្រី​ចេញពី ទន្លេសាប ហើយ​ឡើង​តាម​ទឹក ទន្លេមេគង្គ ទៅ​ភាគ​ខាងលើ រហូតដល់​ខែ​ទឹក​ឡើង ទើប​ទម្លាក់​ពង​កូន ចុះមក​វិញ តាម​ទឹក ហូរ ចូល​តាម​ព្រែក និង​បឹង​ទន្លេសាប​។​

លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ប្រាប់ នៅ​ថ្ងៃទី​១៥ ធ្នូ​ថាៈ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ថ្ងៃទី​១៥ ខែធ្នូ នៅសល់​កម្ពស់ ៣,៤៩ ម៉ែត្រ នៅ​កំពង់ លួង (​បឹង​ទន្លេសាប​) នៅសល់​កម្ពស់ ៤,៦៤ ម៉ែត្រ​។ កម្ពស់​ទឹក​នេះ អ្នកនេសាទ អាច​ចាប់ ត្រី​បាន​ម្តងទៀត នៅ​ខ្នើត ខែមករា ឆ្នាំ​២០២២​។ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២១ ឡើង​បាន​ខ្ពស់បំផុត ត្រឹម ៧,៥៦ ម៉ែត្រ នៅ​ថ្ងៃទី​២២ ខែតុលា​។ ឯ​នៅ​បឹង​ទន្លេសាប​ទឹក​ឡើង​ខ្ពស់បំផុត​ត្រឹម​៦.២៦​ម៉ែត្រ នៅ​ថ្ងៃទី​១ វិច្ឆិកា​។ ទឹក​បឹង​ទន្លេ សាប ឆ្នាំនេះ ជន់​ឡើង​នៅ​ចុងរដូវ​វស្សា​បំផុត​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *