កែបៈ កម្លាំងរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកែប កាលពីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចុះរុះរើ បើករបងស័ង្កសី និងកម្ទេចខឿនថ្ម រៀបសង់ចូលសមុទ្រ មួយកន្លែង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលម្ចាស់ដី ក្បែរទីតាំងនោះ បានសាងសង់ ដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការនេះ មិនទាន់ពេញចិត្ត សម្រាប់ប្រជាពលរដ្ឋ នៅឡើយ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថាៈ ថ្មីៗនេះ រដ្ឋបាលខេត្តកែប បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋ មួយគ្រួសារ ដែលបានទិញដី ពីប្រជានេសាទ កំពុងកាន់កាប់ និងអាស្រ័យផល នាភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ធ្វើរបងបិទផ្លូវ ចុះទៅឆ្នេរសមុទ្រ ឱ្យនៅរួមតូចចង្អៀត។ ភ្លាមៗ ក្រុមការងារបច្ចេកទេស និងគ្រប់ផ្នែកពាក់ព័ន្ធ បានចុះពិនិត្យឃើញថា រូបភាពបែបនោះ ពិតជាកើតមានមែន។ ម្ល៉ោះហើយ ទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូ កម្លាំងរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានចុះរុះរើរបង ដោយបើកផ្លូវ ឱ្យធំទូលាយ និងកម្ទេចខឿនថ្ម ប្រវែងជិត ២០ ម៉ែត្រនោះ ឱ្យដូចដើមវិញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ជាមួយនឹងដំណោះស្រាយនេះ បានធ្វើឱ្យប្រជាពល រដ្ឋ អបអរសាទរ និងសប្បាយរីករាយ ព្រោះតែទទួលបានផ្លូវចេញចូល ទៅឆ្នេរសមុទ្រស្អាត ហើយធំទូលាយជាងមុន។
ទោះជាមានការបញ្ជាក់បែបនេះក្តី ក្រោយប្រតិបត្តិការរុះរើ និងកម្ទេចខឿនថ្ម រួចរាល់ អ្នកភូមិឈ្មោះ អុឹង សៀង ភេទស្រី អាយុ ៦១ឆ្នាំ បានអះអាងថាៈ តាមពិតអ្នក ដែលបម្រុង ធ្វើផ្លូវថ្មី ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នោះ បានបិទផ្លូវចាស់ ធំទូលាយ ដោយទុកផ្លូវផ្សេងមួយ រួចទៅហើយ។ ឥឡូវ គេមានបំណងវាតយកបន្ត រួចធ្វើផ្លូវថ្មីតូចចង្អៀត ដែលខេត្តចុះមករុះរើ របងស័ង្កសីនេះ។ ក្នុងនាមប្រជាពលរដ្ឋ ដែលធ្លាប់ប្រើប្រាស់ផ្លូវចាស់ មិនអាចទទួលយក បានទេ។
ប្រជាពលរដ្ឋដដែល បានសំណូមពរថាៈ បើថ្នាក់ដឹកនាំ ពិតជាគិតពីប្រយោជន៍ប្រជាពលរដ្ឋ សូមតម្រូវឱ្យម្ចាស់ដី ប្រគល់ផ្លូវចាស់ ដែលធ្វើរបងហ៊ុមព័ទ្ធដ៏ខ្ពស់នោះមកវិញ ព្រោះជាផ្លូវត្រង់ ដែលភ្ញៀវទាំងឡាយ អាចមើលឃើញសមុទ្រ ពេលធ្វើដំណើរ មកកាន់ទីនេះ។ ភ្ញៀវខ្លះដែលធ្លាប់មកលេងពីមុន ពេលមកម្តងទៀត រកផ្លូវមិនឃើញ ក៏ត្រឡប់ចេញទៅវិញ ដោយសារការបិទ របងបាំងជិត ផ្ទៃសមុទ្រ។ ដូច្នេះ ប្រជាពលរដ្ឋ សូមឱ្យរដ្ឋបាលខេត្ត យកផ្លូវត្រង់ ចុះទៅសមុទ្រ មកប្រើប្រាស់វិញ៕