(កំពត)៖ នេះបើយោងតាមការបញ្ជាក់របស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក និងលោកឧត្តមសេនីយ៍ ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់ សាធារណៈ ដឹកនាំគណៈប្រតិភូ ដោយមានការ ចូលរួមពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការងារបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ។
កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង ដែលជាគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបំពាក់នៅលើផ្លូវជាតិលេខ៣ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងដាក់ដំណើរការសាកល្បងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ខាន់ ម៉ាណេរ បានបញ្ជាក់ទៀតថា ក្រោយពីដាក់ឱ្យដំណើរកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំងនេះហើយ ក្រសួងសាធារណការ នឹងប្រគល់តួនាទីទៅអគ្គស្នងការនគរបាលជាតិ ដើម្បីមានវិធានការបន្ត ក្នុងការកំណត់ពេលវេលា ចាប់និងផាកពិន័យ។
លោក ខាន់ ម៉ាណេរ បានថ្លែងបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំងនៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។
លោក ខាន់ ម៉ាណេរ បានបញ្ជាក់ទៀតថា កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរ មិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ ពេលដាក់ប្រើប្រាស់ផ្លូវការ កាមេរ៉ាចាប់ល្បឿនទាំងនេះ អាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរ យ៉ាងតិច ១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿននេះផងដែរ៕