រដ្ឋាភិបាលបានចាប់ផ្តើមការបង្រ្កាបលើវិស័យជាច្រើនរួមទាំងឧស្សាហកម្មកម្សាន្ត និងអ្វីដែលអាជ្ញាធរពណ៌នាថាជាវប្បធម៌គាំទ្រអ្នកសិល្បៈល្បីៗដែលបង្កភាព “វឹកវរ” ដែលវាជះឥទ្ធិពលទៅលើយុវវ័យ និងសណ្តាប់ធ្នាប់សង្គម។
ស្ថានទូតបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការព្រួយបារម្ភនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងអំពីយុទ្ធនាការនេះដែលបណ្តាលឲ្យប្រព័ន្ធបណ្តាញសង្គមរបស់ចិន ផ្អាកគណនីដែលបង្កើតឡើងដោយអ្នកគាំទ្រជនជាតិចិនចំពោះតារា pop កូរ៉េខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតបាននិយាយថា “សកម្មភាពរបស់ចិនគឺសំដៅលើគ្រប់ពាក្យសំដី និងទង្វើដែលអាចបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ក៏ដូចជាច្បាប់ និងបទបញ្ញត្តិនានា ប៉ុន្តែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងប្រទេសណាមួយឡើយ” ។
ស្ថានទូតបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង “មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកូរ៉េខាងត្បូង ហើយថែមទាំងជឿជាក់ថា វិធានការពាក់ព័ន្ធរបស់ចិនគឺសំដៅលើកូរ៉េខាងត្បូង”។
នៅសប្តាហ៍នេះ ប្រព័ន្ធបណ្តាញសង្គម Weibo របស់ប្រទេសចិន បានផ្អាកគណនីអ្នកគាំទ្រជាង ២០ គណនី ដែលគាំទ្រសកម្មភាព K-pop ធំៗ ដូចជាក្រុម BTS, Blackpink និង EXO ដោយនិយាយថាគណនីទាំងនោះទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ “មាតិកាមិនសមហេតុផលក្នុងការគាំទ្រតារា”។ អ្នកគ្រប់គ្រងប្រព័ន្ធអ៊ិនធើណែតម្នាក់បាននិយាយថា ក្រោមយុទ្ធនាការប្រឆាំងនឹងវប្បធម៌អ្នកគាំទ្រ ប្រព័ន្ធបណ្តាញសង្គមមិនអាចផ្សព្វផ្សាយបញ្ជីឈ្មោះតារាល្បីៗបានទេ ហើយក្លឹបអ្នកគាំទ្រនឹងត្រូវបាន គ្រប់គ្រង។
យុទ្ធនាការក៏បានហាមឃាត់ចំពោះការផ្សព្វផ្សាយដែលតម្រូវឱ្យអ្នកគាំទ្របោះឆ្នោតតាមប្រព័ន្ធអ៊ិនធើណែតចំពោះការសំដែងដែលពួកគេចូលចិត្ត និងមិនលើកទឹកចិត្តប្រជាជនឱ្យទិញទំនិញពីជនល្បីៗឡើយ ៕