ថ្ងៃទី២៧ ខែសីហា មេបញ្ជាការនៃកងនាវាចរទី៧របស់កងទ័ពជើងទឹកអាមេរិកបានលើកឡើងថា ៖ «ត្រូវប្រឆាំងដាច់ខាតចំពោះអាកប្បកិរិយាឈ្លានពានរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ហើយការប្រើប្រាស់កាណុងទឹកដោយឆ្មាំឆ្នេរសមុទ្រប្រឆាំងនឹងនាវាហ្វ៊ីលីពីន ត្រូវតែមានការត្រួតពិនិត្យ និងដោះស្រាយ»។
អនុឧត្តមនាវីឯកលោក ខាល ថូម៉ាស (Karl Thomas) បានធានាឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វ៊ីលីពីន ប្រឆាំងនឹងបញ្ហាប្រឈមទាំងឡាយនៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ទៅលើវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅហ្វ៊ីលីពីនថា «កងកម្លាំងរបស់ខ្ញុំបានឈរជើងនៅទីនោះគឺដោយសារតែមានហេតុផលមួយចំនួន»។
លោក ថូម៉ាស បានថ្លែងបញ្ជាក់ថា ៖ «នៅពេលដោះស្រាយជាមួយបញ្ហាប្រឈមនេះ វាចាំបាច់ណាស់ដែលយើងត្រូវប្រកាន់ជំហរមួយរឹងមាំ។ ប្រសិនបើពួកគេកំពុងរុញច្រានព្រំដែនបន្តិចម្តងៗ វាចាំបាច់ក្នុងការទប់ទល់ និងចាត់វិធានការដោយការចល័តចុះឡើង និងចេញប្រតិបត្តិការឥតឈប់ឈរ»។ ប្រែសម្រួល៖ធា សុណា ប្រភពព័ត៌មាន៖ Reuters