ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយខ្យល់ក្នុងក្រុងសៀមរាប រលំដើមឈើសង្កត់រថយន្ត សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

ខេត្តសៀមរាប៖ ដើមចន្ទគិរី ឬដើមអំពិលទឹកបារាំងមួយដើម បានរលំសង្កត់រថយន្តមួយគ្រឿង ដែលម្ចាស់បានចតចោលហើយចូលទៅពិសាកាហ្វេ ខណៈមានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ផងនោះ។

ហេតុការណ៍នេះកើតនៅវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុច ជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

រថយន្តដែលដើមឈើរលំសង្កត់នេះ ម៉ាកឆេវរ៉ាលេត ពណ៌ស ស្លាកលេខ 2AQ 3258 បានរងការខូចខាតធ្ងន់ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នៅក្នុងហេតុការណ៍រលំដើមឈើសង្កត់លើរថយន្តនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេ ព្រោះថា ម្ចាស់រថយន្តបានចូលទៅផឹកកាហ្វេបាត់ហើយ។

បើតាមម្ចាស់រថយន្តរងគ្រោះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ថា ពួកគាត់មានគ្នាពីរនាក់ ដោយបានបើករថយន្តមកផឹកកាហ្វេនៅក្នុងហាងកាហ្វេ ហើយចតរថយន្តទុកនៅចំណុចកើតហេតុខាងលើ ។

ម្ចាស់រថយន្តបន្តថា ហើយខណៈពេលមេឃកំពុងរងភ្លៀង គាត់ក៏នាំគ្នាចេញមកវិញ តែមិនទាន់ដល់រថយន្តផង ក៏មានដើមឈើរលំសង្កត់មកលើរថយន្តរបស់គាត់តែម្ដងទៅ សំណាងល្អពួកគាត់អត់ទាន់បានចូលក្នុងរថយន្ត ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានសហការជាមួយអាជ្ញាធរក្រុង/ខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីកាត់ដើមឈើយករថយន្តនោះចេញ រួចប្រគល់ជូនម្ចាស់រថយន្តដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងវិញ៕

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *