ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ភ្លាមៗ បន្ទាប់ពីដុតសម្លាប់ប្ដីខ្លួនឯង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទី នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ (ឃាត់ខ្លួន)។ ចំណែឯជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់) ។
សេចក្តីរាយការណ៍ដដែលបានបន្តថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទីរំលងអាធាត្រ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ(ត្រូវជាប្តី) កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ (ជាប្រពន្ធ) ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ (មួយដបទឹកសុទ្ធ) ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកបញ្ឆេះដុតជនរងគ្រោះបណ្តាលឱ្យរលាកពេញខ្លួន ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ (ចំពោះករណីឃាតកម្មនេះ មិនទាន់ដឹងមូលហេតុនៅឡើយ) ។ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅតំកល់នៅវត្តចាក់អង្រែលើរងចាំបូជាតាមប្រពៃណី។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕