រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ថ្ងៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំងបុណ្យកឋិន ដែលនឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ថាគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលឱ្យបានល្អប្រសើរដល់ទីតាំងសម្រាប់ប្រគេនព្រះសង្ឃ និងរៀបចំជូនពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ទៀតថា ដើម្បីបង្ការនិងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅថ្ងៃបុណ្យប្រពៃណីជាតិខាងមុខនេះ ស្ថាប័ននិងអ្នកពាក់ព័ន្ធត្រូវអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ រក្សាគម្លាត វាស់កម្តៅ លាងដៃដោយសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគោលការណ៍ ៣កុំ និង៣ការពារ។
ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ គ្រប់វត្តអារាមត្រូវសម្អាតបូជនីយស្ថាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុអ្នកដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ រួមទាំងរៀបចំឱ្យមានជាបដាពាក្យស្លោក ដើម្បីចូលរួមអបអរសាទតាមប្រពៃណីព្រះពុទ្ធសាសនា៕