ព័ត៌មាន

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងប្រមាណ២០០នាក់ចេញល្បាត ជារៀងរាល់យប់នៅក្នុងភូមិសាស្រ្តទាំង ១៤ខណ្ឌ

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ២០០នាក់ ចេញល្បាតត្រួតពិនិត្យជារៀងរាល់យប់នៅក្នុងភូមិសាស្រ្តទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តចាត់វិធានការចំពោះទីតាំងប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារទាំងឡាយណា ល្មើសនឹងវិធានការដ្ឋបាលរបស់រាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដែលមានហានិភ័យខ្ពស់បង្កឆ្លងរាលដាលជំងឺកូវីដ១៩។
ការចេញល្បាតនេះ ខណៈដែលស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែបន្តឆ្លរាលដាលជាបន្តបន្ទាប់មិនទាន់មានសភាពធូរស្បើយនៅឡើយ។
វិធានការចុះល្បាតត្រួតពិនិត្យពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើឡើងចាប់ពីយប់ថ្ងៃទី១១ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២១ មានរយៈពេល០៤ថ្ងៃ ហើយដឹកកម្លាំងបញ្ជាផ្ទាល់ដោយលោកលោកស្រីស្នងការរង ដោយការអនុវត្តនោះធ្វើជាប្រចាំដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
សូមជម្រាបថា ក្នុងអំឡុងដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គេឃើញមានករណីការបើកក្លឹបកម្សាន្ត ជួបជុំផឹកស៊ី ខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនមិនគោរពវិធានក្រសួងសុខាភិបាលហើយត្រូវបានរងការបង្រ្កាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ។ ប៉ុន្តែក្នុងរយៈពេលដែលកម្លាំងនគរបាលរាជធានីភ្នំពេញបានចុះល្បាតត្រួតពិនិត្យប៉ុន្មានថ្ងៃមកនេះ គេមិនទាន់ឃើញមានទីតាំងប្រកបមុខរបរ ធ្វើអាជីវកម្ម រឺកន្លែងការងារ ដែលហាមឃាត់ ធ្វើសកម្មភាពណាមួយដែលល្មើសនិងវិធានក្រសួងសុខាភិបាល រឺវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។កម្លាំងសមត្ថិច្ចបន្តតាមដានត្រួតពិនិត្យលើកិច្ចការងារនេះបន្ថែមទៀត៕
adm

Leave a Reply

Your email address will not be published. Required fields are marked *