ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ ទាំងអ្នកជំនាញអារ្យធម៌ខ្មែរ និងអ្នកជំនាញប្រវត្តិសាស្ត្រ បានជម្រុញអោយភាគីកម្ពុជាគួរស្រាវជ្រាវអោយបានល្អិតល្អន់ ហើយប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែនកម្ពុជាងត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់ ក្នុងនាមជារដ្ឋម្ចាស់កម្មសិទ្ធិ។ ចុះបើក្នុងករណីដែលថៃសុំសិទ្ធិក្នុងការសាងសង់ប្រាសាទ យកគំរូតាមរចនាបថប្រាសាទអង្គរ តើកម្ពុជា គួរអនុញ្ញាតឬទេ។
ការសង់ប្រាសាទ នៅក្នុងវត្តមួយ របស់ថៃ ដែលមានការសង្ស័យជាពិសេសពីអ្នកលេងបណ្ដាញសង្គម ថាបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្ត របស់កម្ពុជា។ អ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរ ជាច្រើន បានសម្តែងនូវ ការព្រួយបារម្ភខ្លាចក្រែងការសាងសង់នេះចម្លង តាមរចនាបថ ប្រាសាទអង្គរវត្តខ្មែរ ប្រាកដមែន ។ ករណីនេះ ក្រសួងវប្បធម៌ បានចាប់ផ្តើមធ្វើការនេះភ្លាម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖
១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ុង ស្រុកណាងរឹង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
៣៖ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។
ករណីនេះ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានជម្រុញអោយភាគីកម្ពុជាគួរស្រាវជ្រាវអោយបានល្អិតល្អន់ ហើយប្រសិនបើមានព័ត៌មានជាក់លាក់ថាថៃ ពិតជាចម្លងតាមប្រាសាទខ្មែរមែនកម្ពុជាងត្រូវតែដោះស្រាយតាមនីតិវិធីច្បាប់ ក្នុងនាមជារដ្ឋម្ចាស់កម្មសិទ្ធិ ហើយលោកបានបង្ហាញនូវទស្សនៈថ្កោលទោសជាខ្លាំងប្រសិនបើបរទេស សាងសង់ប្រាសាទដែលយកគំរូប្លងរចនាបថតាមប្រាសាទអង្គរដែលជាដួងព្រលឹងជាតិខ្មែរ។
បើតាមអ្នកជំនាញអារ្យធម៌រូបនេះ លោកនៅតែបង្ហាញការមិនយល់ស្របក្នុងការអនុញ្ញាតអោយមានការសាងសាងប្រសាទតាមលំនាំប្រាសាទបុរាណខ្មែរ បើទោះបីជាបរទេសនោះ បានស្នើសុំមករដ្ឋាភិបាលកម្ពុជាក្ដី។
យ៉ាងណាករណីនេះ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានបង្ហាញការបើកចិត្តទូលាយ ប្រសិនបើភាគីថៃមានការស្នើរសុំសិទ្ធិពីកម្ពុជា ក្នុងការសាងសង់ប្រាសាទគំរូបមួយតាមលំនាំប្រាសាទបុរាណខ្មែរក្នុងហេតុផលស្រលាញ់នូវវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេ ខណៈរមណីយដ្ឋានអង្គរទាំងមូល ក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ។
គេនៅចាំបានថា កាលពីឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ។ ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ៕