ភ្នំពេញ : លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោក Luke Arnold អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធទនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
ជំនួបពិភាក្សារវាងភាគីទាំងពីរបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោកជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជា ជាពិសេសដំណើការនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។
លោក ជិន ម៉ាលីន បានឱ្យដឹងថា វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោនាពេលកន្លងមកឱ្យខាង
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូល តាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ពេលនេះក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ។
ជាមួយគ្នានេះដែរអនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលីបានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩ តាមរយៈការដាក់ចេញជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមក ជាដើម។ល។
លោកជិន ម៉ាលីន បានបន្តថា ទន្ទឹមនឹងនេះ ខាងអូស្រ្តាលីក៏បានបង្ហាញនូវការបារម្ភមួយចំនួនផងដែរអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយនៅកម្ពុជា។ ឆ្លើយតបនឹងការបារម្ភនេះ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន (គសមក)ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញផងដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយ ច្បាប់ ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា។