សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារក្នុងពិធីបិទ “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២” កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា ២០២៤ ថា សម្តេចតេជោ គឺជាតួអង្គយ៉ាងសំខាន់ដែលកងកម្លាំង និងមេដឹកនាំខ្មែរក្រហម អាចយល់ព្រមចុះចូល និងធ្វើសមាហរណកម្ម ព្រោះបើគ្មានសម្តេចតេជោ ទោះបីជាគោលនយោបាយឈ្នះ ឈ្នះល្អយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានដែរ។ គ្រប់ថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយ ដែលចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្វធ្វើនៅកម្ពុជា គឺសុទ្ធតែបានលើកឡើងអំពីសន្តិភាព និងការផ្សះផ្សាជាតិ ហើយអ្វីដែលជាពិសេស គឺការយកករណីកម្ពុជា សម្រាប់ដកស្រង់ជាបទពិសោធន៍ និងជាការរៀនសូត្រ ជាពិសេសអំពីសុខដមនីយកម្មសាសនា។ ជាមួយគ្នានេះ ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលឈរលើគោលការណ៍គ្រឹះសំខាន់ចំនួន ៣ គឺការធានាអាយុជីវិត, ការធានាអាជីព និងការធានាទ្រព្យសម្បត្តិ ដែលមូលដ្ឋាននេះ គឺកើតចេញពីសាសនា។
បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីមូលហេតុដែលប្រទេសកាន់តែទំនើប សាសនាកាន់តែដើរតួនាទីយ៉ាងសំខាន់ ព្រោះថាការធ្វើទំនើបកម្ម និងសាកលភាវូបនីយកម្មទាំងបច្ចេកវិទ្យា និងសាសនា កាន់តែជួយឱ្យយើងមានការអភិវឌ្ឍល្អប្រសើរ និងចីរភាព។ ក្នុងនោះជាឧទាហរណ៍ជាក់ស្តែង យើងអាចកត់សម្គាល់ថា សម្ភារ និងមធ្យោបាយនៃការសិក្សា ដែលពីមុនមានការលំបាកក្នុងការសិក្សា តែបច្ចុប្បន្ន កាន់តែងាយស្រួល និងឆាប់រហ័ស ពិសេសមានជម្រើសច្រើន។ ការធ្វើសាកលភាវូបនីយកម្ម អាចនឹងធ្វើឱ្យអត្តសញ្ញាណរបស់ប្រទេសពីមួយជំនាន់ ទៅមួយជំនាន់មានភាពមិនច្បាស់លាស់ ដូចនេះភាពជោគជ័យរបស់មនុស្ស មិនមែនវាយតម្លៃតែនៅលើសម្ភារនិយមនោះទេ។ ដូចនេះការរីកចម្រើនអភិវឌ្ឍប្រទេស គឺត្រូវតែមាន តែត្រូវរក្សាអត្តសញ្ញាណ ហើយការរក្សាតម្លៃ គឺត្រូវមានព្រំដែន ដែលត្រូវឈរលើការអប់រំជាគោល។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសាសនាមានសុចរិតភាព ហើយអ្នកនយោបាយក៏ត្រូវពឹងផ្អែកលើសុចរិតភាព ដោយមិនត្រូវធ្វើជាមនុស្សដឹងរឿង ហើយនៅតែបង្កើតរឿងភូតភរប្រជាជន គឺជាការប្រព្រឹត្តអំពើបាប ព្រោះថា ការគិតពីផលប្រយោជន៍ជាតិ និងប្រជាជន គឺជាការទទួលខុសត្រូវប្រកបដោយធម៌។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia