នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជានាពេលកន្លងមក និង ការសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជាមកកាន់មាតុប្រទេសវិញ និងត្រូវបានបញ្ចុះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា ។
សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទសទាំងពីរ បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia