ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរលើសំណុំរឿងជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ពាក់ព័ន្ធករណី គ្រឿងញៀនជាង១៤០០គីឡូក្រាមនិង សារធាតុគីមីជាង១១តោន លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សំណុំរឿងនេះបានចោទប្រកាន់ពីបទ «ផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៣៩ និងមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន»។
សូមបញ្ជាក់ថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១៤០០គីឡូក្រាមនិង សារធាតុគីមីជាង១១តោន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី។
ជនសង្ស័យចំនួន៤នាក់នេះជាជនជាតិចិនតៃវ៉ាន់ ៖ ទី១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (មេការ) ។ ទី២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស)។ ទី៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស) និងទី៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១៨និង៣០នាទីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង០២ខែរួចមក បានបើកប្រតិបត្តិការបង្ក្រាបកន្លែងមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀននៅ ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ រួមមាន៖
ចំណុចទី១-នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ចំណុចទី២-ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣-ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ ,សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ជាង៤១គ.ក្រ ,ល្បាយសារធាតុញៀនកេតាមីន ទម្ងន់១៤២៥គ.ក្រ, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់០.៩ក្រាម និងសារធាតុគីមីផ្សំជាង១១តោន។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបើកការស៊ើបសួរនៅឡើយ អាចសម្រេចឃុំខ្លួននៅល្ងាចនេះ៕