ព័ត៌មាន

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះក៏មានករណីមួយចំនួនមានក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ។ ទន្ទឹមនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្ក ឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងសេចក្ដីណែនាំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ផ្តើមចេញពីសភាពការណ៍ និងសកម្មភាពខាងលើនេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាព ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នូវវិធានការសំខាន់ៗមួយចំនួន ដើម្បី លុបបំបាត់ការនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ។
(សូមអានសេចក្ដីណែនាំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់)
adm

Leave a Reply

Your email address will not be published. Required fields are marked *