នៅយប់ ថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី ៣ របស់ភាគីចិនជូនចំពោះភាគីកម្ពុជាជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសបានមកដល់រាជធានីភ្នំពេញតាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ ម៉ឺនដូស។នេះបើតាមការបញ្ជាក់បន្ថែមរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
ចិន និងកម្ពុជាជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលនិងប្រជាជនចិនតែងឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។
បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែងនៃជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។ម៉្យាងវិញទៀតភាគីចិនបានប្រគល់ជំនួយនិងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលាជូនដល់ភាគីកម្ពុជា មួយវិញទៀតក៏បានជួយភាគីកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។ មន្ទីរពិសោធន៍តេស្តសំណាកក្នុងខេត្តព្រះសីហនុដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនចំពោះប្រទេសកម្ពុជាត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។ ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់ក្រសួងសុខាភិបាលកម្ពុជា។ ទាំងនេះ បានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។
ស្ថានទូតចិនប្រកម្ពុជា បានបង្ហាញការជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕