រយៈពេល ១៧ឆ្នាំនេះ កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបជិតមួយម៉ឺននាក់ ក្នុងនោះមានកម្លាំងជានារីជាង៧០០ នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ លើជំនាញសំខាន់ៗ រួមមាន ការបោសសំអាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះផងដែរ។
នាឱកាសនៃការអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបង្ហាញនូវវីដេអូឯកសារដ៏មានខ្លឹមសារមួយផងដែរកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានលើកឡើងពីសកម្មភាពនៃការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងតាមរយៈហ្វេសប៊ុកថាចាប់ពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ មានរយៈពេល១៧ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។