អតីតក្រុមខ្លាំងរបស់អង់គ្លេស Manchester United បានសាងកំណត់ត្រាចាញ់ជាលើកទី៣ នៃវគ្គសន្សំពិន្ទុប្រចាំពូល A នៅពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះ នៅពេលលេងចាញ់ម្ចាស់ផ្ទះ FC Copenhagen ៤-៣ ស្របពេលខ្សែប្រយុទ្ធរបស់ខ្លួន Marcus Rashford ក៏ទទួលបានកាតក្រហមទៀត។
លងកាត់ ៤ប្រកួតប្រចាំពូលនាពេលកន្លងមក បិសាចក្រហមទើបតែលេងឈ្នះម្តងគត់ ដោយមាន ៣ពិន្ទុឈរនៅបាតតារាងផងដែរ ចាប់ប្រៀបក្រុមលេខ២ Copenhagen និងលេខ៣ Galatasaray ត្រឹម ១ពិន្ទុ ដ្បិតនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា នៅពេលក្រុមកំពូលតារាង Bayern Munich បានកក់កៅអីទៅវគ្គ ១៦ក្រុមរួចហើយ ក្រោយរកបាន ១២ពិន្ទុពេញ។
ប្រធានក្រុម Bruno Fernandes បានគិតថា ខ្លួនជាអ្នករកបានជ័យជម្នះក្រៅផ្ទះលើកដំបូងឲ្យ Man Ut តាមរយៈស៊ុតបាល់ ១១ម៉ែត្របានសម្រេចនៅនាទី៦៩ ក៏ព្រោះតែខ្សែការពារ Lukas Lerager បានយកដៃប៉ះបាល់ ដែលត្រូវបានបង្ហាញដោយប្រព័ន្ធ VAR នៅមុនពេលក្រុមខ្លាំងប្រចាំរដ្ឋធានីដាណឺម៉ាក Copenhagen រកបាន ២គ្រាប់វិញភ្លាមៗត្រឹមរយៈពេល ៤នាទីប៉ុណ្ណោះចុងម៉ោង។