ក្រោយដំណើរការសំណេរអស់រយៈពេលពីរថ្ងៃ នៅរសៀលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដំណាក់កាលសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។
បើតាមក្រសួងអប់រំ ក្នុងការប្រឡងរយៈពេល២ថ្ងៃនេះ បេក្ខជនដែលអវត្តមានសរុបចំនួន ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។
ដោយឡែកបេក្ខជនដែលមានបញ្ហាសុខភាព៨៥ករណី ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពនិងមិនអាចបន្តការប្រឡងបានចំនួន៥ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុក ដាក់មើលថែពីក្រុមគ្រូពេទ្យ ។