ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បាត់មុខបីថ្ងៃ មិនឃើញជនជាតិបារាំងម្នាក់ចេញក្រៅបន្ទប់ ស្រាប់តែអ្នកបំរើការបានប្រទះឃើញជនបរទេសរូបនេះ ដេកស្លាប់ ក្នុងស្ថានភាពហើបស្អុយទៅហើយ

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី១៨ មិថុនា ឆ្នំា២០២៣នេះ ម្ចាស់ «រីសត»នេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ដើម្បីជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពដែលគេប្រទះឃើញដេកស្លាប់នោះ ឈ្មោះ David Frederic Joseph ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិបារាំង ។ ជនបរទេសរូបនេះ ដេកស្លាប់នៅក្នុងបន្ទប់លេខ១១៥ ជាទីតាំងសម្រាប់ជនបរទេសជូលស្នាក់នៅ មានយីហោ« ដឹ សាំង ជូរី វីឡា» ដែលគេសម្គាល់ថា ជា«រីសត»។ បើតាមប្រភពព័ត៌មាន ជនបរទេសរូបនេះ បានជួលបន្ទប់ស្នាក់នៅក្នុង«រីសត» ប្រហែលជិត០៣ឆ្នាំកន្លងមកហើយ។
ជនរងគ្រោះតែងចេញចូលស្នាក់នៅជាធម្មតា តែប្រហែលបីថ្ងៃមុនកើតហេតុ គេមិនបានឃើញបុរសនេះចេញពីបន្ទប់សោះ។ លុះនៅវេលាម៉ោងជិតពាក់កណ្ដាលយប់ថ្ងៃទី ១៨ មិថុនា ដោយមានការសង្ស័យអ្នកបំរើការម្នាក់បានដើរទៅមើល និងគាស់ទ្វារបន្ទប់មិនឮឆ្លើយ ទើបដឹងថា ជនបរទេសរូបនេះដេកស្លាប់ ដោយចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ទើបមានការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធបន្ទប់កើតហេតុទាំងយប់ ក្រោយហេតុការណ៏នេះកើតឡើង ដើម្បីរង់ចាំមន្ត្រីបច្ចេកទេសចុះពិនិត្យសាកសព នៅថ្ងៃទី ១៩ មិថុនា។ មន្ត្រីជំនាញបច្ចេកទេស គ្រូពេទ្យ និងមានតំណាងអយ្យការអមសាលាដំបូងខេត្តផង បានចុះទៅពិនិត្យសាកសពនៅព្រឹកថ្ងៃបន្ទាប់ ។ ប៉ុន្តែបែរជាគេឃើញមានមន្ត្រីមួយក្រុមដឹកនាំដោយលោកចៅហ្វាយក្រុងបាត់ដំបង បាននាំគ្នាចុះទៅបើកខ្សែបំរាមចូលលុកលុយពេញកន្លែងកើតហេតុទាំងកណ្ដាលយប់ ហើយលោកអភិបាលក្រុង ថែមទាំងបានថតរូបសាកសពនិងសកម្មភាពនានា បង្ហោះហ្វេសប៊ុកផ្អើលទាំងកណ្ដាលយប់ទៀតផង។
សមត្ថកិច្ចជំនាញមួយចំនួនបានរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពក្រុមការងារលោកចៅហ្វាយក្រុងនេះ ដែលនាំគ្នាបើកខ្សែបំរាមលូនចូលទៅយ៉ាងកៀកនឹងបន្ទប់កើតហេតុអើតមើលសាកសពទាំងក្រុមលោកគ្មានជំនាញបន្តិចសោះ។ អ្នករិះគន់បានលើកឡើងថា បើតាមនីតិវិធី នៃការពិនិត្យកន្លែងកើតហេតុ មានតែមន្ត្រីជំនាញទេ ដែលមានសិទ្ធចូលទៅទីនោះ តែនេះមន្ត្រីជំនាញមិនទាន់បានចុះទៅផង ស្រាប់តែលោកចៅហ្វាយក្រុង ដឹកនាំកម្លាំងចុះទៅលុកលុយពេញកន្លែងកើតហេតុទាំងកណ្ដាលអធ្រាត្រខ្ទេចខ្ទីអស់ទៅហើយ។ មិនយល់ពីការងារជំនាញរបស់សមត្ថកិច្ចបន្តិចសោះ បើទោះជាសមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធជាសញ្ញាមិនអនុញ្ញាតឲ្យចូលក្ដី។
នៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន គេឃើញលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលលោកបានពិព័ណ៌នាអំពីសកម្មភាពរបស់លោក ដឹកនាំមន្ត្រីក្រោមឪវ៉ាទចុះពិនិត្យសាកសពជនរបទេសនោះទាំងកណ្ដាលយប់។ នៅក្នុងរូបភាពប៉ុន្មានសន្លឹកនោះ គេឃើញមានអ្នកទាញលើកខ្សែបំរាមពណ៌លឿងហ៊ុមព័ទ្ធទីតាំងកើតហេតុ ឲ្យលោក លាង វាសនា នាំកម្លាំងចូលយ៉ាងកៀកទ្វារនៃបន្ទប់ ដើម្បីពិនិត្យនិងថតរូបសាកសព ដែលមានអ្នកបញ្ចាំងពិលបំភ្លឺទៀតផង។
មន្ត្រីជំនាញបានចាត់ទុកសកម្មភាពនេះថា ជាកំហុសយ៉ាងធ្ងន់ធ្ងរ ដែលលោកអភិបាលក្រុងរូបនេះ ដឹកនាំមន្ត្រីរបស់ខ្លួនចូលទៅលុកលុយកន្លែងកើតហេតុ ក្នុងនាមក្រុមរបស់លោកគ្មានជំនាញសោះ។ មន្ត្រីម្នាក់បានលើកឡើងថា គេបានចងខ្សែពណ៌លឿងហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ ដើម្បីរង់ចាំមន្ត្រីបច្ចេកទេសចុះពិនិត្យនៅព្រឹកថ្ងៃបន្ទាប់។ ព្រោះគ្មាននិតិវិធីណា ចុះពិនិត្យសពពេលយប់ទេ តែបែរជាលោកចៅហ្វាយក្រុង នាំមន្ត្រីរបស់ខ្លួន ចុះលុកលុយកន្លែងកើតហេតុ ធ្វើឲ្យមន្ត្រីជំនាញជួបការលំបាក ក្នុងការត្រូវពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ។
ពាក់ព័ន្ធនឹងការស្លាប់របស់ជនបរទេសនេះ បើតាមប្រភពក្រៅរបងរីសត បានឲ្យដឹងថា យោងតាមការបំភ្លឺនានា ពីអ្នកបំរើការនៅទីនោះ និង យោងលើវត្ថុតាងខ្លះៗ ដែលសមត្ថកិច្ចប្រទះឃើញនៅក្នុងបន្ទប់ជនរងគ្រោះនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនបរទេសរូបនេះអាចដេកស្លាប់ដោយសារ«ជំងឺរ៉ាំរៃ» ប្រចាំកាយ។ សាកសពបុរសបរទេសរូបនេះ ស្ថិតក្នុងស្ថានភាពហើមស្អុយទៅហើយ ដែលអាចដេកស្លាប់យ៉ាងតិចចន្លោះពីពីរទៅបីថ្ងៃមុនពេលគេប្រទះឃើញសាកសព។

adm

Leave a Reply

Your email address will not be published. Required fields are marked *