ព័ត៌មានសន្តិសុខសង្គម

បើកការផ្សព្វផ្សាយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជាមួយបងប្អូន កម្មករ កម្មការិនី និយោជិត នៅរោងចក្រ

ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មារិនី រោងចក្រ និងនិយោជិតប្រមាណជាង ១២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបានការផ្សព្វផ្សាយពីគោលនយោបាយប្រាក់សោធន ឬ ហៅថា (ប្រាក់រ៉ឺត្រែត) គិតត្រឹមចុងសប្តាហ៍ទី៤ នៃខែ សីហា នេះ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ នេះ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបន្តបើកការផ្សព្វផ្សាយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជាមួយបងប្អូន កម្មករ កម្មការិនី និយោជិត នៅរោងចក្រ Wing Star Shoe Co.,Ltd ចំនួនសរុប ១៣.៧៩០ នាក់ ស្រី ( ១២.៩១០នាក់ ) មានអាសយដ្ឋានភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារសុខសន្តិភាព បានធ្វើឱ្យអ្នកវិនិយោគជាច្រើន មករកស៊ីក្នុងប្រទេសកម្ពុជា និងខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ មានការងារធ្វើគ្រប់ៗគ្នា ។

លោករម្លឹកថា «បើយើងរម្លឹកពីអតីតកាលរបស់កម្ពុជាដ៏សែនជូរចត់ ក្នុងរបបប៉ុលពត ខណៈពេលនោះប្រជាពលរដ្ឋពិតជាមានការងារធ្វើគ្រប់ៗគ្នា ក៏ប៉ុន្តែគឺស្ថិតក្រោមការគៀបសង្កត់ បង្អត់អាហារ ការហូបចុកមិនគ្រប់គ្រាន់ គ្មានចំណូលពីការងារ គឺពិតជាលំបាកខ្លាំងបំផុត ដែលមានការងារដ៏លំបាកធ្វើ តែគ្មានប្រាក់ចំណូល ថែមទាំងវាយសម្លាប់មនុស្សចោលគ្មានត្រាប្រណី ។ តែបើយើងងាកមកមើលការងាររបស់បងប្អូនៗ កូន ក្មួយ នាពេលបច្ចុប្បន្ននេះ ការងារមានសំបូរបែប មានការធានាដល់ហានិភ័យការងារ មានសេវាសុខាភិបាលសាធារណៈគ្រប់គ្រាន់ មានការធានាការព្យាបាលដោយមិនអស់ប្រាក់ ហើយពេលនេះបងប្អូនៗ កូន ក្មួយ មានសេវាផ្នែកប្រាក់សោធនទៀត ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ អាចចូលនិវត្តន៍បាន ដូចមន្រ្តីរាជការផងដែរ» ។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងតែរៀបចំកិច្ចប្រជុំត្រីភាគី ដើម្បីគិតគូរដំឡើងប្រាក់ឈ្នួលជូនបងប្អូន កូនក្មួយ កម្មករ និយោជិត សម្រាប់ឆ្នាំ ២០២៣ នេះ ជាបន្តទៀតផងដែរ ។ ទាំងអស់នេះបានបញ្ជាក់ពី សមត្ថភាពដ៏ឈ្លាសវៃ

ឆ្លៀសវៃ និងការគិតគូររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ។ជាមួយគ្នានេះដែរ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ ៩០ថ្ងៃ ដោយចាត់ឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម រាជធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់បងប្អូន កម្មករ និយោជិតទូទាំងប្រទេស នូវអត្ថប្រយោជន៍ផ្សេងៗជូនដល់ បងប្អូន កម្មករ និយោជិត ក្រោយពីរាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្ត បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីខែ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ។

លោកប្រធានមន្ទីរបានបន្តទៀតថា ដោយសាររោងចក្រនេះមានកម្មករច្រើន បេឡាជាតិរបបសន្តិសុខសង្គម បានចាត់ក្រុមការងារសរុបចំនួន ៥៨នាក់ ចែកជា ១៣ក្រុម ដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូន កម្មករ និយោជិត ឱ្យបានដឹងគ្រប់ៗគ្នាតែម្តង ។ គិតត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងភ្នាក់ងារបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានធ្វើការផ្សព្វផ្សាយស្តីពីប្រាក់សោធន ជូនដល់ កម្មករ និយោជិត បានចំនួន ១៣១ រោងចក្រ សហគ្រាស និងបានផ្សព្វផ្សាយជូន កម្មករ និយោជិត ចំនួន ១២១.៣៦៦នាក់ ក្នុងនោះស្រី ៨៦.៨៤៥នាក់ផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *