ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ននិង សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន ផ្តល់ឥណទានផ្លូវការ ខុសច្បាប់គ្រប់រូបភាព

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់ ក្រោយសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយ យ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែល ទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធ ផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ។

កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយ យ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ ជាធរមាន ជាពិសេស ច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

អាស្រ័យហេតុនេះ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពី ការទទួលបានឥណទានកផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុង ប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។

ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាននិងការផ្តល់ឥណទានផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាម នីតិវិធីច្បាប់ជាធរមាន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *