ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីការបរទេសកម្ពុជាច្រានចោលការចោទប្រកាន់ អំពីមូលដ្ឋានកងទ័ពជើងទឹករាម

ភ្នំពេញ​ :​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមភាគី អូស្រ្តាលីរបស់ឯកឧត្តម ឱ្យមានជំនួបតាមទូរស័ព្ទនាពេលនេះ បន្ទាប់ពីលោកជំទាវបានចូលកាន់ ដំណែងភ្លាម ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេល ដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
លោកជំទាវ Penny Wong បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់ អូស្រ្តាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២។
ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើក ឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យអនុព័ន្ធយោធាបរទេសនៅ ភ្នំពេញ ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុន មកដោយប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាល ពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
ក្នុងកិច្ចពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្ដម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិត ពិសេសរបស់ប្រធានអាស៊ាន ដោយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវ សម្រាប់ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួនបី សម្រាប់ ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៖ (១) ការបញ្ឈប់អំពើហិង្សា (២) ការធានាការ ផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបី សម្រេចបាន ដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ រួមមាន (១) ក្របខ័ណ្ឌនៃការរៀបចំសម្រាប់ការផ្តល់ ជំនួយមនុស្សធម៌របស់អាស៊ាន (២) ការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រតិបត្តិការផ្តល់ ជំនួយមនុស្សធម៌ និង (៣) ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចលើក ទីពីររបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បាន ទន្ទឹងរង់ចាំឱកាសជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *