ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឃាតកម្មដ៏សារហាវមួយលើយុវសិស្សម្នាក់រៀននៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ត្រូវជនដៃដល់សម្លាប់យកទូរស័ព្ទដៃ១គ្រឿង នៅម្តុំបឹងឈូក

សៀមរាប:យុវសិស្សម្នាក់រៀននៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ត្រូវជនដៃដល់សម្លាប់យកទូរស័ព្ទដៃ១គ្រឿងនៅម្តុំបឹងឈូក។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ហើយ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបាននិយាយនៅថ្ងៃអាទិត្យទ០៨ ខែឧសភានេះថា សាកសពត្រូវបានប្រទះឃើញ នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងម្តុំបឹងឈូក ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្មេងប្រុសដែលត្រូវជនដៃដល់សម្លាប់នោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ក្រុមគ្រួសារជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ដោយជនរងគ្រោះបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ។ ករណីនេះសង្ស័យថា ជាអំពើប្លន់យកទូរស័ព្ទដៃ។ព្រោះថានៅលើសាកសពពិនិត្យឃើញថា បាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំទៀតផង។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបាននិយាយថា នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំដោយលោកគិម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើនេះ។

ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ បាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់សំដៅទៅភ្នំក្រោម ដោយដោយពួវាបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ នៅតំបន់ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើង ខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល ៥០០ម៉ែត្រនាចំណុចខាងលើ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

ក្នុងការចាប់ខ្លួននោះសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង ទី១. ម៉ាក EXCITER GP ១គ្រឿង និង ទី២. ម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿងផងដែរ។
ជនដៃដល់ម្នាក់ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចហើយ ចំណែកបក្សពួក នៅសល់ សមត្ថកិច្ចនិងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *