ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្ទះលួចបើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងត្រូវកម្លាំងអាជ្ញាធរខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាប ដកហូតបានទូហ្គេម ២គ្រឿង

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះបង្ក្រាបផ្ទះលួចបើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងដោយធ្វើការដកហូតបានទូហ្គេមបាញ់ត្រីចំនួន ២គ្រឿង កាលពីវេលាម៉ោងប្រមាណ៩ និង៣៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នៅចំណុចផ្ទះល្វែងជួល ស្ថិតនៅតាមបណ្តោយផ្លូវK5 ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីសណ្ដាប់ធ្នាប់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថាទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះបានដំណើរការលួចលាក់ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់រយៈពេលប្រមាណជាង១ខែ មកហើយ។

ជាក់ស្បែង នៅវេលាម៉ោង៦ជាងព្រឹក កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងសណ្តាប់សង្កាត់ ក៏បានចុះធ្វើការឡោមព័ទ្ធទីតាំងខាងលើនេះផងដែរ។ លុះវេលាម៉ោង៩ជាងព្រឹក បានជួបជុំគ្នា ចុះត្រួតពិនិត្យរដ្ឋបាលឆែកឆេរឃើញ តែកៅអី ដោយផ្ទះខាងលើបានចាក់សោជាប់ទ្វារក្រោយ ហើយទូហ្គេម ត្រូវបានម្ចាស់ដោះយកទៅលាក់ទុកដោយយកក្រណាត់គ្របពីលើ។

ភ្លាមៗនោះ អាជ្ញាធរ ក៏បានធ្វើការកាត់សោរចូលទៅដកហូតទូហ្គេមបាញ់ត្រីបានចំនួន ២គ្រឿង តែក្បាលម៉ាស៊ីន ដែលជាឧបករណ៍បញ្ជា ត្រូវបានម្ចាស់ដោះយករត់គេចខ្លួនទៅបាត់។

ប្រភពដដែលបានឱ្យដឹងទៀតថានៅមុនពេលចុះបង្ក្រាបទំនងជាម្ចាស់ទីតាំងនិងបុគ្គលិកព្រមទាំងអ្នកលេងដឹងខ្លួនមុនហើយរត់គេចខ្លួនបាត់អស់និងនាំគ្នាដោះយកគ្រឿងក្នុងរួចសែងទូរហ្គេមបាញ់ត្រីនោះយកទៅចាក់សោលាក់ទុកនៅខាងក្រោយផ្ទះ តែលាក់មិនជិត ត្រូវបានអាជ្ញាធរនិងកម្លាំងសណ្តាប់ធ្នាប់ នាំគ្នាចូលទៅរឹបអូសយក ដឹកបញ្ជូនមកកាន់សាលាខណ្ឌ ដើម្បីកម្ទេចចោល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *