ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

 រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. កាលពីសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ អ.អ.ផ. ដែលមានការចូលរួមពី ឯកឧត្តមលោកជំទាវលោកលោកស្រីជាអនុប្រធាននិងសមាជិកនៃអ.អ.ផ.ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជាដើម្បីដាក់ជូនក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(ICRGJG)នៅពេលដ៏ខ្លីខាងមុខក៏ដូចជាការត្រៀមលក្ខណៈនិងយុទ្ធសាស្រ្តក្នុងការការពាររបាយការណ៍វឌ្ឍនភាពជុំទី៩នេះ នៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយ ICRG-JG នៅចុងខែមេសា ឆ្នាំ២០២២នេះ។

ឯកឧត្តមរដ្ឋមន្រ្តីនិងជាប្រធានអ.អ.ផ.បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តការងារ ហើយឯកឧត្តមក៏បានស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើបេសកកម្មប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានប្រឆាំងអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

គូសបញ្ជាក់ផងដែរថា អ.អ.ផ. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ០០១ សសរ/គសហ ចុះថ្ងៃទី២១ ខែមករាឆ្នាំ២០២២របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលមានភារកិច្ចចម្បងក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *