ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្ដេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ តាមប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទី១នៃ គ.ស.អ និង លោក លោកស្រី  រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័ននានា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ត្រីនៃអង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀតផង។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.អ បានមានប្រសាសន៍ស្វាមគន៍បើកកិច្ចប្រជុំ និងថ្លែងអំណរគុណដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូលដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ និងជាសមាជិក នៃ គ.ស.អ បានអាននូវខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២៤៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ស្ដីពី ការបង្កើតគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២-២០២៤ ជូនដល់គណៈអធិបតី និងសមាជិកនៃអង្គពិធីជ្រាប។ ជាមួយគ្នានេះដែរ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានអាននូវខ្លឹមសារនៃសេចក្ដីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ស្ដីពី ការបង្កើតលេខាធិការដ្ឋាននៃ គ.ស.អ ឆ្នាំ២០២២-២០២៤ ជូនអង្គពិធីផងដែរ។

ទទ្ទឹមនេះដែរ  នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនៃអគ្គស្នងការដ្ឋានគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.អបានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីគោលការណ៍សំខាន់ៗនៃផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការការពារ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិឆ្នាំ២០២២២០២៤រវាងក្រសួងមហាផ្ទៃក្រសួងការពារជាតិនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជូនពិធីទាំងមូលជ្រាបថាគិតចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗពាក់ព័ន្ធទៅនឹងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ០៧លើក រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២, ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី០៧, ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី០៧ឆ្នាំ២០២៣,ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣,ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី០៥ឆ្នាំ២០២៤,ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ អាណត្តិទី០៤ ឆ្នាំ២០២៤, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ផងដែរ។

ជាមួយគ្នានេះដែរ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.អដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹងនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះជាមួយភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ចាត់ចែងរៀបចំផែនការសកម្មភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា ទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរ នៃការបំពេញការងារ។

លោក បានបន្ដថា គ.ជ.ប ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានកសាងផែនការអន្ដរស្ថាប័ន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានចំនួន ៣ឆ្នាំ ជាប់ៗគ្នា ឆ្នាំ២០២២-២០២៣ និង២០២៤។ លោក បានបន្ថែមថា ក្នុងរយៈពេលនេះយើងមានផែនការជាច្រើនដែលត្រូវបំពេញដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការបោះឆ្នោតប្រកបដោយសន្ដិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។

ស្របជាមួយគ្នានេះដែរអង្គពិធីទាំងមូលក៏បានពិភាក្សាគ្នាស្ដីពីកិច្ចការការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំង ទទួលយកបានលទ្ធផលល្អប្រសើរ។

ជាថ្មីម្តងទៀត បន្ថែមពីលើនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងនាមក្នុងគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេច បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ សម្ដេច លោក លោកស្រី អស់លោក-លោកស្រី ដែលបានឆ្លៀតពេលអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារផែនការអន្ដរស្ថាប័នរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ព្រមទាំងប្រកាសនូវសមាសភាពរបស់ គ.ស.អ និងសមាសភាពលេខាធិការដ្ឋាននៃ គ.ស.អ ដែលជាយន្ដការ និងជារចនាសម្ព័ន្ធ សន្ដិសុខ បោះឆ្នោត ដើម្បីបំពេញបេសកកម្មផ្ដល់សេវាសន្ដិសុខនិងសុវត្ថិភាពក្នុងដំណើរការរៀបចំការបោះឆ្នោតតាមអាណត្តិ និងនីតិកាលនីមួយៗ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

សម្តេចក្រឡាហោមបានមានប្រសាសន៍បន្ដថាការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិបានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោតជាបន្ដបន្ទាប់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អបន្ដអនុវត្តនយោបាយវិមជ្ឈការនិងវិសហមជ្ឈការព្រមទាំងថ្នាក់មូលដ្ឋានដែលជាជំរឿននយោបាយសម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា។

​ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀត ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមគ.ស.អសម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរដោយស្មោះចំពោះសម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជាពិសេសការធានាស្ថិរភាពសន្ដិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *