ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ស្នេហ៍ខកបំណងដោយសារខាងស្រីមិនស្រលាញ់ក៏ធ្វើឃាតកម្មបាញ់សម្លាប់ខាងស្រីហើយបាញ់សម្លាប់ខ្លួនតាមក្រោយឯងតែម្ដង

កំពង់ធំ ៖ មនុស្សប្រុសស្រី២នាក់ស្លាប់ក្នុងករណីឃាតកម្មបាញ់សម្លាប់ភាគីខាងស្រី រួចសម្លាប់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់។ ករណីឃាតកម្មដ៏រន្ធត់ និងបង្កឲ្យការភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងប្រមាណ ១២និង៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង ស្ថិតក្នុង ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ(ស្លាប់កន្លែងកើតហេតុ បាញ់ត្រូវគល់កខាងឆ្វេង១គ្រាប់) និងទី២ ជាជនបង្ក ឈ្មោះសុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ (បាញ់សម្លាប់ខ្លួនឯងបែកលលាដ៍ក្បាល បន្ទាប់ពីបាញ់សម្លាប់ភាគីខាងស្រីរួច)។
សមត្ថកិច្ចបានបន្តទៀតថា យោងតាមសាក្សីជាសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនបង្កបានមកសុំរៀនធ្វើជាងជួសជុលម៉ូតូរយៈពេល១ឆ្នាំហើយ ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ជនរងគ្រោះ ដែលត្រូវជា(កូនស្រីរបស់មេជាង) ប៉ុន្តែភាគីខាងស្រីមិនស្រលាញ់។ លុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួននៅឯខេត្តព្រះវិហារដេក១យប់ក៏បានត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កយកកាំភ្លើងកែច្នៃបាញ់សម្លាប់ជនរងគ្រោះ រួចសម្លាប់ខ្លួនឯងតែម្ដង។
យោងតាមកំណត់ហេតុ និងសាក្សីខាងលើសមត្ថកិច្ចធ្វើការសន្និដ្ឋានបឋម ជនបង្កស្រលាញ់ជនរងគ្រោះប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ទើបបណ្ដាលឲ្យកើតករណីឃាតកម្មនេះតែម្តង។
ករណីឃាតកម្មខាងលើនេះ វត្ថុតាងមាន អាវុធខ្លីកែច្នៃចំនួន២ដើមនៅកន្លែងកើតហេតុ សពទាំង ២ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *