ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្ទះប្រជាពលរដ្ឋ មួយខ្នង ផ្ទុះអាគុយសូឡា ប៉ះចំធុងសាំង បណ្តាលឱ្យឆេះខ្ទេចខ្ទីទាំងស្រុង

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ គ្មានសល់ ទាំងទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះ កំពុងហូបបាយសុខៗ ក៏ផ្ទុះអាគុយសូឡា ខ្ទាតប៉ះចំធុងសាំង បណ្តាលឱ្យឆេះផ្ទះម៉ត់។ ហេតុការណ៍ ភ្លើងឆេះផ្ទះនេះ កើតហេតុ នៅវេលាម៉ោង ១៣ និង ៥០នាទី រសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ថា ម្ចាស់ផ្ទះ មានឈ្មោះ ពេជ្រ សើរ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រី អាយុ ៤៩ឆ្នាំ ជាកសិករ រស់នៅ ភូមិ.ឃុំខាងលើ។ គ្រួសារនេះ មានកូនចំនួន ០២នាក់/ស្រីម្នាក់ និងចៅប្រុសចំនួន ម្នាក់។
លោក បានបន្តថា ការខូចខាតនោះ មាន៖ ឆេះផ្ទះអស់ទាំងស្រុង ផ្ទះទំហំ ៥ម.×៦ម. ជើង សសរកំពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹក ក្រាលក្ដារ។ ក្នុងនោះ អស់ទ្រព្យសម្បត្តិ រួមមាន ប្រាក់ខ្មែរចំនួន ២០. ០០០០(ម្ភៃម៉ឺន)រៀល។ -ស្រូវចំនួន ៦.ការ៉ុង (៦០០គីឡូក្រាម) -ស្ករត្នោត ០៦.កាដុង (១កាដុង= ២៥គីឡូក្រាម) -ទូរស័ព្ទ ម៉ាក CamPhone ចំនួន ០១ គ្រឿង- វិទ្យុទាក់ទង(motorola) ចំនួន ០១គ្រឿង -ម៉ាស៊ីនបាញ់ស្មៅ ចំនួន ០១គ្រឿង -ម៉ូតូ ១ គ្រឿងម៉ាក Honda dream (មិនស្គាល់សេរី) គុណភាពចាស់ និងឯកសារសំបុត្រកំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាក់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និងសម្ភារ:ប្រើប្រាស់ខោអាវមួយចំនួន។
ម្ចាស់ផ្ទះ បានឱ្យដឹងថា អគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះអាគុយ ផ្ទាំងសូឡា ទៅប៉ះចំធុងសាំង ចំណុះ ៥លីត្រ ដែលទុកនៅលើផ្ទះ បណ្ដាលឱ្យភ្លើងឆាបឆេះ ខ្លាំងតែម្ដង។ ពេលនោះ ម្ចាស់ផ្ទះ (ពេជ្រ សើរ) កំពុងអង្គុយហូបបាយ នៅលើផ្ទះតែម្នាក់ឯង ហើយស្ទុះចុះមកដី ដោយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ផ្ទះនេះ ស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុក ដោយនៅដាច់ស្រយាល ស្ថិតនៅទិសខាងកើតភូមិ ចម្ងាយប្រហែល ៨០០ម៉ែត្រ។ ផ្ទះនេះ មានជញ្ជាំងបាំងស្លឹក ត្រូវភ្លើងឆេះអស់ទាំងស្រុង មុនពេលកម្លាំងនគរបាល និងប្រជាពលរដ្ឋផ្សេងទៀត ទៅដល់។ ប្រជាពលរដ្ឋ បានពន្លត់គំនរភ្លើង ដោយប្រើប្រាស់ចានដែក និងធុងដងទឹក ជះ ទើបពន្លត់ ឱ្យវារលត់បាត់ទាំងស្រុង។ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរស្រុក ពុំបានជួយអន្តរាគមន៍សង្គ្រោះ ភ្លើងឆេះផ្ទះនេះទេ។ មូលហេតុ ដោយសារផ្លូវចង្អៀត ចូលឡានមិនកើត។ ករណីភ្លើងឆេះផ្ទះនេះ ត្រូវបានម្ចាស់ផ្ទះ ប្រាប់សមត្ថកិច្ចថា ខូចខាត់អស់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង ១ម៉ឺនដុល្លារ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *