ព័ត៌មាន

ស្ត្រីមានផ្ទៃពោះ និងកុមារជាង២៤ ម៉ឺននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលចាប់ពីឆ្នាំ២០១៩

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី សិទ្ធិកុមារ នៅឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយច្បាប់ ផែនការ យុទ្ធសាស្ត្រ ផែនការសកម្មភាពជាតិ យន្តការថ្នាក់ជាតិ និងក្រោមជាតិជាច្រើន ដើម្បី សម្របសម្រួល និងពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមទៅ លើកុមារ ដើម្បីធានាថា កុមារត្រូវបានការពារដោយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុង អនុវត្តន៍ជាធរមាន។
ឯកឧត្តម វង សូត ថ្លែងបែបនេះក្នុងឱកាសបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធ កិច្ចការពារកុមារ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៣គឺ៖ ១.ការបង្ការ ទប់ស្កាត់, ២.ការអន្តរាគមន៍, ៣.ការផ្តល់សេវាឆ្លើយតប ដែលសសរស្ដម្ភនីមួយៗបានកំណត់ នូវសកម្មភាពជាក់លាក់សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបំពេញការងារក្នុងការលើក កម្ពស់សិទ្ធិកុមារ យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ឆ្លើយតប នឹង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចការពារកុមារ ដែលមាន លក្ខណៈជាប្រព័ន្ធនៅកម្ពុជា។
ទន្ទឹមនឹងការដាក់ចេញនូវវិធានការនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធី ជំនួយសង្គមក្នុងគោលដៅជួយសម្រួលការលំបាកផ្នែកជីវភាព ក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ ក៏ដូចជាការគិតគូរពីសុខទុក្ខប្រជាជន ពិសេសកុមារ និងប្រជាជនក្រីក្រ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០៣មាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២ឆ្នាំ ដែលបានអនុវត្តន៍ ក្នុងខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវានេះ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មកទល់ពេលនេះ មានអ្នកទទួលផលជាង ៧៤ម៉ឺនគ្រួសារ។
កម្មវិធីជំនួយ សង្គមជា សាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺ កូវីដ-១៩ ដោយបានចំណាយថវិកាសរុបចំនួន ៣២ ពាន់លានរៀល។
ឯកឧត្តមបន្តថា ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយបានបង្កើត នូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះ យ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ បន្ថែមទៀតជាចាំបាច់។
ឯកឧត្តម វង សូត បានយល់ថា ដើម្បីដោះស្រាយបញ្ហាកិច្ចការពារកុមារពីការរំលោភ បំពានគ្រប់រូបភាពស្របទៅតាមបទដ្ឋានជាតិ អន្តរជាតិឱ្យបានកាន់តែប្រសើរនោះ ទាមទារឱ្យ មានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ រួមគ្នាដោះស្រាយតាម មុខសញ្ញានីមួយៗប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស រួមគ្នា ជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ និង ផែនការសកម្មភាពឱ្យ ទទួលបានជោគជ័យ ក្នុងពាក្យស្លោក “ធ្វើសកម្មភាព ផ្សេងៗគ្នា ដើម្បីឆ្ពោះទៅសម្រេចគោល បំណងរួមតែមួយ”៕
adm

Leave a Reply

Your email address will not be published. Required fields are marked *