ព័ត៌មានសន្តិសុខសង្គម

ប៉ូលិសបញ្ជូនលោក អ៊ុង ថៃស៊ីមហុង ជាមេការខារ៉ាអូខេ ឌីអឹម ម្នាក់ ទៅតុលាការ…!

រាជធានីភ្នំពេញ ៖ បុរសជាមេការខារ៉ាអូខេ យីហោ «DM»មានឈ្មោះ អ៊ុង ថៃស៊ីមហុង អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងខារ៉ាអូខេ តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ចំណែកមនុស្សប្រុស-ស្រីចំនួន៦៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការនោះ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាវិញ ។

សូមរំលឹកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងភោនីយដ្ឋានមួយកន្លែងយីហោ «DM» ដែលបានលួចបើកខារ៉ាអូខេ ហើយមានមនុស្សប្រុស-ស្រីប្រមូលម្តុំគ្នា ដោយមិនបានរក្សាគម្លាត ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់មនុស្សសរុបចំនួន៦៨នាក់ ក្នុងនោះមានមេការខារ៉ាអូខេ២នាក់ផងដែរ ។

សូមរំលឹកទៀតថា មុននឹងឈានទៅឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងទីតាំងខាងលើនោះ សមត្ថកិច្ចបានបើកការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ហើយដឹងថា ក្នុងភោនីយដ្ឋានយីហោ «DM» នោះ បានលួចបើកខារ៉ាអូខេ បង្កឲ្យមានមនុស្សប្រមូលផ្តុំគ្នាច្រើន ដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបៗទៅពពាក់ពពូនគ្នា ដោយមិនបានគិតដល់វិធានការរបស់ក្រសួងសុខាភិបាលស្តីពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ។

សូមរំលឹកបន្តថា ដោយមានបទល្មើសជាក់ស្តែងនោះ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែលមាននគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ បានធ្វើការហ៊ុមព័ទ្ធទីតាំងនោះ ខណៈពេលមនុស្សប្រុសស្រីកំពុងអង្គុយផឹកស៊ី និងច្រៀងរាំយ៉ាងសប្បាយក្រៃលែងនោះ ។ បន្ទាប់ពីឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ខាងលើនេះមក ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តតាមនីតិវិធី ។

សំណុំរឿងនេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងបើកការស៊ើបសួរមេការខារ៉ាអូខេតែម្នាក់គត់ ដោយមនុស្ស៦៧នាក់ទៀត ត្រូវបានសមត្ថកិច្ចដោះលែឲ្យទៅផ្ទះវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *