ព័ត៌មាន

កម្ពុជាមិនមែនជាប្រទេសអ្នកមាន តែមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូន ពលរដ្ឋគ្រប់រូប រួមទាំងកុមារផងដែរ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំប្រទេស ដើម្បីបើកដំណើរការសាលាបឋមសិក្សាឡើងវិញ។ តាម សម្តេចតេជោ ហ៊ុន សែន ប្រសិនបើយើងមិនចាក់ជូនកុមារ ពី៦ដល់១២ឆ្នាំទេ យើងមិនអាចឈានទៅការបើកសាលាបឋមសិក្សាឡើយ ខណៈដែលថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យកំពុងបើកដំណើរការឡើងវិញ។ ម្យ៉ាងទៀតការសិក្សាក៏អាចផ្ដល់លទ្ធភាពអោយកុមារក្រោម១២ឆ្នាំចាក់វ៉ាក់សាំងបានដែរ ខណៈដែលពេលនេះកម្ពុជាមានវ៉ាកសាំងគ្រប់គ្រាន់សម្រាប់ការងារនេះ។
ជុំវិញការប្រកាសនេះ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកតាមដានស្ថានការសង្គម បានបង្ហាញនូវការគាំទ្រដោយលោកបញ្ជាក់ថា ពេលនេះគឺដល់ពេលដែលត្រូវចាក់វ៉ាក់សាំងដល់កុមារតូចៗទាំងនោះហើយ។ ទោះបីភាគរយនៃចំនួនអ្នកឆ្លងកូវីដ-១៩ ជាកុមារនៅកម្ពុជាមានតិចជាងមនុស្សធំក្ដី តែក៏មិនមែនមានន័យថាកុមារមិនឆ្លងនោះដែរ។
ចំណែកលោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានស្ថានការសង្គមម្នាក់ទៀតបាន ចាត់ទុកការចាក់វ៉ាក់សាំងនៅកម្ពុជា ដែលឈានដល់ការចាក់ដល់កុមារថ្នាក់បឋមនេះ គឺជាការដើរមុនប្រទេសនានាក្នុងតំបន់លើសមរភូមិកូវីដ-១៩។
អ្នកជំនាញដដែលនេះ បានមើលឃើញថាកម្ពុជាពុំមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារផងដែរ ហើយការចាក់នោះ ក៏មិនមានការប្រកាន់បក្ខពួក ឬនិន្នាការអ្វីឡើយ។
លោក ប៊ុនថង បានជំរុញអោយមានការសិក្សាចាក់វ៉ាក់សាំងអោយកុមារ កាន់តែឆាប់កាន់តែល្អហើយបើសិនជាការសិក្សាអាចចាក់បាន២ឬ៣ដូសដូចមនុស្សពេញវ័យបានគឺរឹតតែល្អថែមទៀត។
កុមារពី១២ ដល់១៧ឆ្នាំមកដល់ពេលនេះចាក់វ៉ាក់សាំងបានចំនួនជាង១លាន៧សែននាក់ទៅហើយ ។ ការជម្រុញការចាក់វ៉ាក់សាំងជូនកុមារជាបន្តបន្ទាប់នេះគឺសំដៅលើការបើកសាលារៀនឡើងវិញ ទាំងថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយគ្មានការភ័យខ្លាចព្រោះពួកគេទទួលបានវ៉ាក់សាំង។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីជំហ៊ានបន្តគឺយើងកំពុងពិចារណាលើលទ្ធភាពចាក់វ៉ាកសាំងជូនកុមារថ្នាក់មតេយ្យអាយុចន្លោះពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំផងដែរ។
សម្តេចតេជោបានបញ្ជាទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងអនុគណៈកម្មការតាមរាជធានីខេត្តរៀបចំទីតាំង និងក្រុមគ្រូពេទ្យដើម្បីធ្វើកិច្ចការងារចាក់វ៉ាក់សាំងលើកុមារពី៦ ដល់១២ឆ្នាំ ដែលមានប្រមាណជិត១លាន៩សែននាក់នេះ ដោយចាប់ផ្ដើមពីថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *