ព័ត៌មាន

ក្រសួងការបរទេសកម្ពុជា : ផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា

ភ្នំពេញ : ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺមានរយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើលិខិតជម្រាបទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។
ជាមួយគ្នានេះ សូមឯកអគ្គរាជទូតសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ។ វិធានការបណ្ដោះអាសន្ននៃការរឹតត្បិតការចូលមកកម្ពុជាដូចដែលមានចែងក្នុងកំណត់ទូត លេខ ៧៣៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងវិធានការផ្សេងៗដែលមានស្រាប់របស់កម្ពុជា នៅជាធរមាន៕
adm

Leave a Reply

Your email address will not be published. Required fields are marked *