ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី២៩ ខែមិថុនានេះ បានបញ្ជាក់ថា កម្ពុជានឹងមានភ្លៀងធ្លាក់ដោយផ្នែកនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ ក្រសួងបានប្រាប់ថា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី០៣ ខែកក្កដា សម្រាប់តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយជាអន្លើយ ហើយចាប់ពីថ្ងៃទី០៤ ដល់ទី ០៦ កក្កដា តំបន់នេះនឹងមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។
ចំណែកតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥឦសាន ក៏ដូចជាតំបន់សមុទ្រ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម។ តាមក្រសួង មូលហេតុដែលនាំឲ្យកម្ពុជាជួបស្ថានភាពអាកាសធាតុបែបនេះ ក៏ព្រោះតែឥទ្ធិពលខ្យល់មូលសុងនីរតីខ្សោយ និងធម្យម រួមជាមួយឥទ្ធិពលនៃជ្រលងសម្ពាធទាបមកពីប្រទេសចិន។ យោងតាមស្ថានភាពនេះក្រសួងធនធានទឹក ទទូចឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នានាដែលងាចបង្កឡើងដោយបាតុភូមិ ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ពិសេសគឺនៅតំបន់ទំនាបកណ្ដាល៕