ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជីវភាពរបស់ស្ត្រីមេម៉ាយក្រីក្រគ្មានទីពឹងរស់នៅក្នុងភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារវាយតម្លៃ របស់ផ្ទះមនុស្សធម៌ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះ ពិនិត្យមើលស្ថានភាពជីវភាពរបស់ស្ត្រីមេម៉ាយក្រីក្រគ្មានទីពឹងអាយុ ៤៥ឆ្នាំ មានកូន ០២នាក់ ក្នុងបន្ទុក រស់នៅក្នុង ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។
ក្នុងឱកាសនៃការចុះពិនិត្យ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ លោកជំទាវ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការអនាម័យ រួមនឹងវិធានការការពារការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
លោកជំទាវ អភិបាលរងខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមានអង្គរចំនួន ២៥គីឡូក្រាម, មីយើង ០១កេស, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកត្រី ០១យួរ, ឃីត ០១ មានមុង ភួយ សម្លៀកបំពាក់ ០១កញ្ចប់ និងថវិកាចំនួន ១០០,០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
adm

Leave a Reply

Your email address will not be published. Required fields are marked *