ព័ត៌មាន

កម្ពុជា-វៀតណាម បញ្ជាក់ជំហររួមគ្នា ក្នុងការបញ្ចប់ការបោះបង្គោលព្រំប្រទល់រវាងប្រទេសទាំងពីរឲ្យបានឆាប់

នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៣ ខែមិថុនានេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជាបានលោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ជំហររួមគ្នា ក្នុងការបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀតលើការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។លើសពីនេះថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩ផងដែរ។
នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូដដែល សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា -វៀតណាម បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។ទន្ទឹមគ្នានេះ រដ្ឋសភាកម្ពុជា និងវៀតណាម បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។
សម្តេច ហេង សំរិន សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។
ដោយឡែកលោក វឿង ឌីញ ហ្វេ បានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា លោកនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។
យ៉ាងណានៅក្នុងកិច្ចសន្ទនានោះ សម្តេច ហេង សំរិន និងលោក វឿង ឌីញ ហ្វេ បានស្វាគមន៍ដូចគ្នា ចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន ៨៤% ។ភាគីទាំងពីរសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នាបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។
adm

Leave a Reply

Your email address will not be published. Required fields are marked *