ព័ត៌មាន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោកយាយ ចាស់ជរា កុមារកំព្រា និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នាព្រឹកថ្ងៃ ព្រហ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងពិធីសំណេះ សំណាលនាព្រឹកនេះ មានការចូលរូមពីសំណាក់លោកតា លោកយាយ ដែលរស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ រួមទាំងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សប្រមាណជាង ១០០០ នាក់។

 

ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបានសន្យាថានឹងរៀបចំដំណើរកម្សាន្តជូនលោកតាលោកយាយទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីចប់ព្រះរាជពិធីបុណ្យអុំទូក។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ និងជាពិសេសបានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះបានបន្តទៅក្រោយឧត្តមសិក្សា ព្រមទាំងមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀតផង។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃអង្គការទាំងពីរដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេស និងអាហារូបករណ៍នៅប្រទេសចិនផងដែរ។

 

ក្នុងឱកាសនេះដែរ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង១០ឆ្នាមកនេះ។ ក្នុងឱកាសនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដីរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និងកម្មវិធីអប់រំ។ ក្នុងនោះមានសិស្សកំពុងសិក្សាមានចំនួនប្រមាណ ១៨០០ នាក់ និង ១៨៥នាក់កំពុងសិក្សានៅសាកលវិទ្យាល័យ ១៤០នាក់ នៅទារកដ្ឋាន និងមតេយ្យសិក្សា។ លោកបានគូសបញ្ជាក់ដែរថា តាមរយៈកម្មវិធីអប់រំនៅទីនេះ គឺបានជួយដល់សិស្សជាង ៧០% អាចបន្តការសិក្សាពីបឋមរហូតដល់សកលវិទ្យាល័យ។

 

លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយឥតឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកពីការងារចុះជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។

 

ក្រោយចប់ពិធីសំណេះសំណាល សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និងសិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនសម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *