ព័ត៌មាន

ពលរដ្ឋ និងមន្រ្តីរាជការនៅខេត្តព្រះសីហនុច្រើនកុះករសាទរពិធីរត់ភ្លើងគប់កីឡាជាតិឆ្នាំ២០២៤

 

ព្រះសីហនុ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។

 

ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។ ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

 

បន្ទាប់ពី ពិធីរត់ភ្លើងគប់បានបញ្ចប់ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមរត់ និងហែរហមអមដំណើរ នៃពិធីរត់ភ្លើងគប់លើកដំបូងនៅខេត្តតំបន់ទេសចរណ៍មួយនេះ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្ថែមផងដែរថា ការចូលរួមដ៏ច្រើនកុះករនេះសបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

 

យោងតាមរបាយការណ៍លោក សាមុត សុធារឹទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានតិភូដឹកនាំកីឡាខេត្តព្រះសីហនុ ទៅចូលរួមការប្រកួតកីឡាជាតិលើកទី៤ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ចុះឈ្មោះចូលរួមប្រកួត ១០ប្រភេទកីឡា សរុបអ្នកចូលរួមមានចំនួន ៧៨នាក់ក្នុងនោះមានស្រី ១៥នាក់ ប្រតិភូដឹកនាំថ្នាក់ខេត្ត ០៣នាក់ ប្រតិភូដឹកនាំក្រុម ០២នាក់ គ្រូបង្វឹក០៩នាក់ គ្រូជំនួយ០១នាក់ និងកីឡាករ កីឡាការិនី ៦៣នាក់(កីឡាការិនី១៣នាក់)។ លទ្ធផលទទួលបាននាពេលកន្លងមកក្នុងព្រឹត្តិការណ៍កីឡាជាតិរួមមាន មេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៦មេដាយ។

 

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ទទួលសិទ្ធរៀបចំការប្រកួតកីឡា ២ប្រភេទរួមមាន កីឡាទូកក្តោង និងកីឡាម៉ូតូទឹក។ ព្រះសីហនុ ជាខេត្តទី២បន្ទាប់ពីខេត្តកែប ដែលបានបា្ររព្ធពិធីរត់ភ្លើងគប់កីឡា អបអរសាទរ! ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ ដំណើរភ្លើងគប់កីឡា នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តស្វាយរៀង មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕

adm

Leave a Reply

Your email address will not be published. Required fields are marked *