ព័ត៌មាន

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សម្តែងការត្រេកអរ ដែលបានឃើញផ្ទាល់ទិដ្ឋភាពជាក់ស្ដែងនៅកន្លែងការងាររបស់បងប្អូនខ្មែរ  ហុកកៃដូ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤–

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយលោក កៅ និរោធន៍ អនុព័ន្ធការងារបានចុះសួរសុខទុក្ខពលករជំនាញខ្មែរ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន Hokkaido Green Partner ផ្នែកកសិកម្មដាំឆៃថាវ និងដាំផ្កាខាត់ណា (Broccoli) នៅស្រុក Toyoroko នៃកោះហុកកៃដូ ចំនួនសរុបប្រមាណ ៣០នាក់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

 

ក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរាជទូត មានការភ្ញាក់ផ្អើល និងត្រេកអរបំផុតដែលបានឃើញផ្ទាល់នូវសកម្មភាពការងារ ទិដ្ឋភាពជាក់ស្ដែងនៅកន្លែងការងារ នៅកោះដ៏ឆ្ងាយពីទីក្រុងតូក្យូមួយនេះ ដោយថៅកែជប៉ុនបានយកចិត្តទុកដាក់មើលថែទាំដ៏កក់ក្តៅ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្រុមហ៊ុននេះអនុញ្ញាតឱ្យចាក់ចម្រៀងខ្មែរកំដរក្នុងពេលម៉ោងពួកគាត់កំពុងធ្វើការងារផងដែរ។

ឯកឧត្ដម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Hokkaido Green Partner ដែលបានជ្រើសរើសធនធានមនុស្សពីកម្ពុជា និងបានលើកទឹកចិត្តក្មួយៗពលករជំនាញខ្មែរដែលកំពុងតែបម្រើការងារទាំងអស់ ខិតខំក្រេបយកចំណេះជំនាញ តាំងពីពេលដាំរហូតដល់ការបញ្ចេញផលិតផលលក់លើទីផ្សារ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបាន ពេលវិលត្រលប់ទៅមាតុប្រទេសវិញ។

 

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយលោក Anda Takeshi អភិបាលស្រុក Toyokoro ដោយឯកឧត្ដម បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលជួយសម្រួលដល់ម្ចាស់ក្រុមហ៊ុនខាងលើជួលផ្ទះក្នុងតម្លៃឈ្នួលទាប សម្រាប់ជួលឱ្យពលករជំនាញខ្មែរ និងចូលរួមចំណែកក្នុងកិច្ចគាំពារពលករជំនាញខ្មែរ។

 

ជាការឆ្លើយតប លោកអភិបាលស្រុក Toyokoro ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតល្មួត ជាមួយប្រទេសជប៉ុនដែលអាចអនុញ្ញាតឱ្យធនធានមនុស្សពីកម្ពុជាមកស្នាក់នៅធ្វើការក្នុងស្រុកToyokoro។

 

បន្ទាប់មក ឯកឧត្ដមឯកអគ្គរាជទូត បានជួបពិភាក្សាជាមួយលោក Tomita Hirofumi តំណាងសមាគមន៍សហករកសិកម្ម JA Shihoro ដើម្បីពិភាក្សាការងារ និងបានសួរសុខទុក្ខពលករជំនាញខ្មែរសរុបចំនួនប្រមាណ ១២នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ Hokuren ដែលជារោងចក្រកែច្នៃដំឡូងបារាំងដ៏ធំប្រចាំប្រទេសជប៉ុន។

 

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់មើលថែទាំពលករជំនាញខ្មែរ និងសាងសង់ផ្ទះស្នាក់នៅយ៉ាងស្រស់ស្អាតមានផាសុកភាពសម្រាប់ពលករខ្មែរស្នាក់នៅ ព្រមទាំងបានផ្តល់ឱកាសការងារដើម្បីឱ្យពួកគេបានសិក្សារៀនសូត្រ បន្ថែមក្នុងវិស័យកសិកម្មទំនើបរបស់ប្រទេសជប៉ុន។

 

តាមរយៈទស្សនកិច្ចការងារនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ទៅលើរដ្ឋាភិបាលជប៉ុន សមាគមជប៉ុន សហគ្រាស និងក្រុមហ៊ុនជប៉ុនពិតជាយកចិត្តទុកដាក់ក្នុងការមើលថែទាំពលករជំនាញខ្មែរគ្រប់ទីកន្លែង។

 

ឯកឧត្តមឯកអគ្គរាជទូត បានឆ្លៀតក្នុងឱកាសនោះពន្យល់ដល់ពលករជំនាញទាំងនោះឲ្យបានយល់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមនៅឆ្នាំ១៩៩៩ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជន និងជម្រុញការអភិវឌ្ឍខេត្តទាំងបួនរបស់កម្ពុជានៅភូមិភាគឥសាន្តជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ជាពិសេសប្រែក្លាយព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងអភិវឌ្ឍ៕

 

ដោយ នីកា

(ប្រភព ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន)

——

adm

Leave a Reply

Your email address will not be published. Required fields are marked *