ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

 

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម

Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។

 

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។

 

ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការប្រកួតនៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូល ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

 

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមទម្រង់លេងរបស់ខ្ញុំ គឺ៣.៤.៣។

 

សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 

សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

 

សម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកាចំនួន ២០០លានរៀល។

 

សម្តេចតេជោ បានបញ្ជាក់ផងដែរថា សប្បុរសជនចង់ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕

adm

Leave a Reply

Your email address will not be published. Required fields are marked *