ព័ត៌មាន

សម្តេចធិបតី ប្រាប់ឱ្យក្រសួងការងារខិតខំកែទម្រង់ ដើម្បីសម្រេចនូវក្តីបំណង គឺ «ប្រជាជនម្នាក់ គឺអាជីពមួយ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យការងារកាន់តែល្អប្រសើរ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ស្របតាមការវិវត្តតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង គឺ «ប្រជាជនម្នាក់ គឺអាជីពមួយ»។

 

ដើម្បីសម្រេចក្ដីបំណង “ប្រជាជនម្នាក់ គឺអាជីពមួយ” សម្ដេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងការងារ ត្រូវខិតខំអនុវត្តន៍ឱ្យបានជោគជ័យ នូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយត្រូវសម្រួលការផ្ដល់សេវាផ្សេងៗ និងកម្រងសេវាសាធារណៈឱ្យឆ្លើយតបនឹងសំណូម ពររបស់វិស័យឯកជនជាបន្ទាន់ និងបញ្ចប់ឱ្យបានត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។

 

សម្តេចធិបតី បន្តថា ទិសដៅរបស់យើងគឺកែសម្រួលកំណែទម្រង់នៅក្នុងការធ្វើយ៉ាងណា ធ្វើឲ្យវិស័យឯកជនរកស៊ីស្រួល ពាក្យសាមញ្ញថា តម្លៃរកស៊ីឱ្យថោក និងស្រួលរកស៊ី។ បានន័យថាថ្លៃដើមផលិតធូរថ្លៃ និងមានចំណេញ ភាពប្រកួតប្រជែង និងងាយស្រួលនៅក្នុងការធ្វើការប្រកបរបរឱ្យមាន ប្រសិទ្ធភាពហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើ។

 

សម្តេចថ្លែងនារសៀលនេះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *