ព័ត៌មាន

អ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំអ្នកឧកញ៉ា ឧកញ៉ាសរុប ២០០រូប ចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងហ្លួងម៉ែ

ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន ២០០រូប ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់សិរីមង្គល នៃព្រះបរមរាជវាំង។

 

មុននឹងប្រោសព្រះរាជទាននូវព្រះរាជសវនាការដ៏វិសេសវិសាលនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំង អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាបរិវេណខាងមុខព្រះរាជដំណាក់គន្ធបុប្ផា។

 

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានទូលថ្វាយនូវសកម្មភាពជាច្រើននាពេលកន្លងមក របស់សមាគមឧកញ៉ាកម្ពុជា ទាំងលើវិស័យសង្គមកិច្ច អប់រំ មនុស្សធម៌ សុខាភិបាល និងផ្នែកពុទ្ធចក្រ ព្រមទាំងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគម ដែលមានការទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ច អំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។

 

ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជា ទទួលបាននូវភាពជោគជ័យជាច្រើននាពេលកន្លងមក ក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលជាសមាជិកសមាគមក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនម៊ឺនកន្លែងដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ជាមួយគ្នានេះដែរ ព្រះករុណាថ្លៃវិសេសក៏បានប្រោសព្រះរាជទានពរជ័យដល់សមាជិកសមាគមឧកញ៉ាកម្ពុជាគ្រប់ៗរូប ទទួលបានភាពជោគជ័យ វិបុលសុខគ្រប់ប្រការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *