ព័ត៌មាន

ជនសង្ស័យដែលបើករថយន្តព្រូសបញ្ច្រាសទិស បុកអ្នកបើកបរម៉ូតូស្លាប់ នៅរង្វង់មូលកោះពេជ្រ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានហើយ

(ភ្នំពេញ)៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បញ្ច្រាសទិសបង្កបុកបុរសម្នាក់ជិះម៉ូតូ បណ្តាលឱ្យស្លាប់នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

 

ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។

 

លោកវរសេនីយ៍ឯក សែម រតនា បានប្រាប់ឱ្យដឹងថា ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើ គឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុត ធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃ ឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ។

 

ជនសង្ស័យឈ្មោះ លី ថាដារ៉ាវិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

 

បើតាមចម្លើយសារភាពជនសង្ស័យ មុនពេលកើតហេតុរូបគេបានផឹកស្រាបៀរអស់ ៨កំប៉ុងនៅផ្ទះបងធម៌ ក្នុងបុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលមានគ្នា៧នាក់ លុះការផឹកស៊ីរហូតដល់ ៤ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក៏ខ្ចីរថយន្តបងធម៌ ម៉ាក TOYOTA PRIUS ពណ៌សថាមកផ្ទះ ក្នុងនោះមានមិត្តភក្តិម្នាក់សុំមកជាមួយផងដែរ។ ប៉ុន្តែពួកគេមិនបានចូលផ្ទះនោះទេ ក៏បើករថយន្តមកផឹកបន្តនៅម្តុំវិមានឯករាជ្យអស់ស្រាបៀរមួយយួរទៀត។ បន្ទាប់មក មិត្តភក្តិម្នាក់ក៏សុំទៅផ្ទះមុន។ លុះដល់វេលាម៉ោង ៤និង៥០នាទី ខែឆ្នាំដដែល ក៏មានមិត្តភក្តិទូរស័ព្ទមកខ្លួនឱ្យជួយថា មានទំនាស់គ្នានៅកោះនរា រូបគេក៏បើករថយន្តយ៉ាងលឿន ដើម្បីទៅជួយមិត្តភក្តិ ហើយក៏ដល់កន្លែងកើតហេតុ បើកបញ្ច្រាសទិសរង្វង់មូលបានបុកម៉ូតូជនរងគ្រោះតែម្តង នៅពេលនោះរូបគេ ក៏បើករថយន្តគេចខ្លួនតែម្តង។

 

ជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

 

សូមបញ្ជាក់ថា កាលពីទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្ត និងម៉ូតូ។ រថយន្ត ធ្វើដំណើរតាមបណ្ដោយវិថីកោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបញ្រ្ចាសទិសចរាចរណ៍ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ក្រហម គ្មានផ្លាកលេខ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង អ្នកបើករថយន្ដបើករត់គេចចេញពីកន្លែងកើតហេតុ។

 

ចំណែកអ្នកបើកម៉ូតូបានបាត់បង់ជីវិត ដែលមានឈ្មោះ ចាន់ ផេងលាង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *